(កៀវ)៖ អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច ព្រមទាំងអង្គការសហប្រជាជាតិ បានថ្កោលទោសការប្រកាសរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងកាត់យកតំបន់ចំនួន៤ របស់អ៊ុយក្រែនដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ី ដោយចាត់ទុកជាទង្វើខុសច្បាប់ និងមិនចេះអៀនខ្មាស។ នេះបើតាមការដកស្រង់ ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។
លោក ពូទីន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសបញ្ចូលតំបន់ដូណេត លូហាន ខឺសុន និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា ក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការ ជាមួយ ការព្រមានដែរថាទីក្រុងមូស្គូ នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារតំបន់ទាំង៤ ហើយថាចាប់ពីពេលនេះតទៅ ការវាយប្រហារណាមួយលើតំបន់ទាំងនេះ គឺជាការវាយប្រហារដោយផ្ទាល់លើរុស្ស៉ី។
យ៉ាងណាក៏ដោយ អ៊ុយក្រែនតាមរយៈរដ្ឋមន្ត្រីការបរទេស គឺលោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានអះអាងថានឹងមិនមានអ្វីប្រែប្រួលសម្រាប់អ៊ុយក្រែន ឡើយ ដោយទីក្រុងកៀវនឹងបន្តរំដោះទឹកដី និងប្រជាជនរបស់ខ្លួន ក៏ដូចជាស្ដារបូរណភាពទឹកដីឡើងវិញផងដែរ។ ចំណែកឯ សហរដ្ឋអាមេរិក រួមទាំង សហភាពអឺរ៉ុប ក្រុមប្រទេស G7 បានប្រកាសថាខ្លួននឹងមិនទទួលស្គាល់ទឹកដីដែលរុស្ស៉ីកាត់យកពីអ៊ុយក្រែនជាដាច់ខាត អមជាមួយការដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងទីក្រុងមូស្គូ ខណៈប្រមុខ UN ថាការកាត់យកទឹកដីអ៊ុយក្រែននេះនឹងបំផ្លាញក្ដីសង្ឃឹមក្នុងការស្វែងរកសន្តិភាព៕