(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានបាញ់សាកល្បងមីស៊ីលផ្លោងបាលិស្ទីគចំនួន ២គ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន ហើយនេះ ជាការបាញ់សាកល្បងមីស៊ីលជាលើកទី៤ នៅក្នុងរយៈពេលត្រឹមមួយសប្ដាហ៍ ចំពោះមុខភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ នេះបើតាមយោធាកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២។
ការបាញ់សាកល្បងមីស៊ីលខាងលើ កើតមានឡើងបន្ទាប់ពីកងទ័ពជើងទឹកកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានដឹកនាំការធ្វើសមយុទ្ធយោធាប្រឆាំង នាវាមុជទឹកកាលពីថ្ងៃសុក្រសប្ដាហ៍នេះជាលើកដំបូង ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ និងក្រោយដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នៅកូរ៉េខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងបាលិស្ទីគរយៈចម្ងាយខ្លីចំនួន២គ្រាប់ នៅថ្ងៃសៅរ៍ នេះ ដោយបាញ់ចេញពីតំបន់ស៊ូណាន (Sunan) ស្ថិតនៅភាគខាងជើងនៃទីក្រុងព្យុងយ៉ាង និងហោះបានចម្ងាយ៣៥០គីឡូម៉ែត្រ និងរយៈកម្ពស់ ៣០គីឡូម៉ែត្រ។ ចំណែកឯ យោធាជប៉ុនក៏បានអះអាងដែរថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ហើយមីស៊ីលទាំងនេះហោះបាន ចម្ងាយ៤០០គីឡូម៉ែត្រ និង៣៥០គីឡូម៉ែត្រ ជាមួយរយៈកម្ពស់៥០គីឡូម៉ែត្រ៕