(សេអ៊ូល)៖ នៅថ្ងៃសុក្រនេះ កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ហើយនិងជប៉ុន បានបើកការធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នា ជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ចំពោះមុខភាពតានតឹងជុំវិញការបាញ់តេស្តមីស៉ីលជាបន្តបន្ទាប់ របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
សមយុទ្ធយោធាត្រីភាគីខាងលើ កំពុងប្រព្រឹត្តទៅនៅក្នុងដែនទឹកអន្តរជាតិ ក្បែរឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ។ វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់តេស្ត មីស៉ីលបាលីស្ទីគ២គ្រាប់បន្ថែមទៀត ទៅធ្លាក់ចូលក្នុងផ្ទៃសមុទ្រនៅភាគខាងកើតប្រទេសខ្លួន ហើយអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ទើបតែបានបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ព្រមទាំងបានធ្វើដំណើរទៅកាន់ តំបន់ព្រំដែនអន្តរកូរ៉េផងដែរ។
ការធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺជាការបាញ់តេស្តមីស៉ីលលើកទី៣ ក្នុងចន្លោះពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ដោយកូរ៉េខាងជើង ខណៈក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់មីស៉ីលជាច្រើនលើក មិនធ្លាប់មាននោះឡើយ។ កងទ័ពជើងទឹកកូរ៉េខាងត្បូង បានលើកឡើងថា សមយុទ្ធយោធានេះ មានគោលដៅពង្រឹងសមត្ថភាពឆ្លើយតបរួមគ្នា ចំពោះការគំរាមកំហែងកាន់តែកើនឡើង នៃនាវាមុជទឹករបស់កូរ៉េខាងជើង ក្នុងនោះរួមមានទាំង មីស៉ីលផ្លោងបាញ់ចេញពីក្រោមទឹក SLBM ផងដែរ។
នាវាយោធាដែលចូលរួមក្នុងការធ្វើសមយុទ្ធខាងលើ រួមមាននាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan, នាវាបំពាក់មីស៉ីលគ្រូស USS Chancellorsville, នាវាបំពាក់មីស៉ីលអេហ្គីស USS Barry របស់សហរដ្ឋអាមេរិក, នាវាចម្បាំង Munmu the Great របស់កូរ៉េខាងត្បូង ហើយនិងនាវាសម្រាប់ចាក់សាំង Asahi របស់ជប៉ុន ក្នុងចំណោមនាវាចម្បាំងដទៃៗទៀត។
គួរបញ្ជាក់ថា សមយុទ្ធយោធាប្រឆាំងនាវាមុជទឹក គឺមិនធ្លាប់ត្រូវបានធ្វើឡើង រវាងប្រទេសទាំង៣នោះទេ ចាប់តាំងពីឆ្នាំ២០១៧មក ដោយសារអតីតរដ្ឋាភិបាលកូរ៉េខាងត្បូង បានព្យាយាមធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងអន្តរកូរ៉េ ហើយខំប្រឹងសម្របសម្រួលឱ្យមានកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ រវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៉ីនតោន ដែលបានជាប់គាំងដោយគ្មានលទ្ធផលអ្វី តាំងតែពីឆ្នាំ២០១៩មក៕