(កៀវ)៖ មីស៉ីលមួយចំនួនបានធ្លាក់ត្រូវចំក្បួនរថយន្តមួយកន្លែង នៅឯភាគខាងត្បូងអ៊ុយក្រែននាថ្ងៃសុក្រនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ ខណៈក្រុមមន្រ្តីក្នុងតំបន់បានទម្លាក់កំហុសលើរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
សាក្សីនិងក្រុមមន្រ្តីអ៊ុយក្រែន បាននិយាយថា រថយន្តជាច្រើនគ្រឿងបានប្រមូលផ្តុំនៅជាយក្រុងនៃតំបន់ហ្សាប៉ូរ៉ិចហ្សៀ ដោយរៀបចំចាកចេញពីទឹកដីអ៊ុយក្រែន ដើម្បីទៅសួរសុខទុក្ខសាច់ញាតិ និងចែកចាយសម្ភារៈផ្គត់ផ្គង់នៅក្នុងតំបន់មួយ ដែលគ្រប់គ្រងដោយរុស្ស៉ី។
អភិបាលតំបន់ហ្សាប៉ូរ៉ិចហ្សៀ លោក អូឡេសាដឺ ស្តារូកហ៍ (Oleksandr Starukh) បានឲ្យដឹងតាមបណ្តាញតេក្រាម យ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះមានអ្នកស្លាប់២៣នាក់ របួស២៨នាក់។ នេះជាការវាយប្រហារភេរវកម្មដោយក្រុមភេរវករ ដែលកំពុងកាន់កាប់ទឹកដីអ៊ុយក្រែន»។ ដោយឡែក លោក វ្ល៉ាឌីមៀ រ៉ូហ្គូវ (Vladimir Rogov) ដែលជាមន្រ្តីក្នុងរដ្ឋបាលលើកបន្តុបដោយរុស្ស៉ី នៅក្នុងតំបន់ហ្សាប៉ូរ៉ិចហ្សៀ បានទម្លាក់កំហុសនៃការវាយប្រហារនេះ ទៅលើកងកម្លាំងអ៊ុយក្រែនវិញ។
គួរបញ្ជាក់ថា ចាប់តាំងពីបើកការឈ្លានពានលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈមក រុស្ស៉ីតែងច្រានចោលជានិច្ចថា កងកម្លាំងរបស់ខ្លួន មិនបានធ្វើការវាយប្រហារដោយចេតនាណាមួយ ទៅលើជនស៉ីវិលឡើយ៕