(អៅហ្កាឌូហ្គូ)៖ សាក្សីមួយចំនួនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា ស្នូរកាំភ្លើងត្រូវបានលឺ នាព្រឹកថ្ងៃសុក្រនេះ នៅក្បែរវិមានប្រធានាធិបតីនៃប្រទេសបួរគីណាហ្វាសូ ខណៈភ្លាមៗនេះ គឺមិនទាន់ច្បាស់ថា មានរឿងអ្វីកើតឡើងឱ្យប្រាកដនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមសាក្សីដដែលបានបន្ថែមថា ក្រៅពីវិមានប្រធានាធិបតី ស្នូរកាំភ្លើងក៏ត្រូវបានលឺ នៅក្បែរទីស្នាក់ការរដ្ឋាភិបាលយោធារបស់ បួគីណាហ្វាសូ ដែលបានដណ្តើមឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារកាលពីខែមករា ឆ្នាំ២០២១ផងដែរ។ ដោយឡែកបើតាម អ្នកកាសែតរបស់ AFP ផ្ទាល់វិញ ដងវិថីសំខាន់ៗមួយចំនួន នៅក្នុងរដ្ឋធានីអៅហ្កាឌូហ្គូ (Ouagadougou) គឺត្រូវបានបិទដោយកងកម្លាំងទាហាន នាថ្ងៃសុក្រនេះ ហើយការផ្សាយរបស់ស្ថានីយទូរទស្សន៍រដ្ឋ ត្រូវបានបញ្ឈប់ ដោយពុំបង្ហាញអ្វីទាំងអស់ក្រៅពីពាក្យ «ពុំមានរលកសញ្ញាវីដេអូ»។
គួរបញ្ជាក់ថា បួគីណាហ្វាសូ គឺជាប្រទេសស្ថិតនៅតំបន់ភាគខាងលិចនៃទ្វីបអាហ្រ្វិក ដែលមានផ្ទៃដី២៧៤,២០០គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ២១លាននាក់៕