(ផ្លូរីដា)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ព្យុះ អ៉ីយ៉ាន (Ian) បានបោកបក់មកលើរដ្ឋផ្លូរីដា (Florida) របស់សហរដ្ឋអាមេរិក ក្នុងទម្រង់ជាព្យុះហឺរីខិន (Hurricane) កម្រិតទី៤ដ៏ខ្លាំងក្លា ហើយក្រោយការវាយប្រហាររបស់ព្យុះហឺរីខិននេះ មនុស្សយ៉ាងហោចណាស់១២នាក់ ត្រូវបានទទួលស្គាល់ថាស្លាប់ ប៉ុន្តែអាជ្ញាធរបានព្រមានថា តួលេខអ្នកបាត់បង់ជីវិតជាក់ស្តែង អាចច្រើនខ្លាំងជាងនេះទៅទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
មិនតែប៉ុណ្ណោះព្យុះកំណាចខាងលើ បានបង្កឱ្យមានការជន់លិចធ្ងន់ធ្ងរនៅពាសពេញរដ្ឋផ្លូរីដា ខណៈលំនៅឋាននិងអាជីវកម្មរបស់មនុស្សសរុបជាង ២លាននាក់កំពុងបន្តគ្មានអគ្គិសនីប្រើប្រាស់។ សម្រាប់ពេលនេះ ព្យុះហឺរីខិន អ៉ីយ៉ាន បានថមថយចុះថាមពលមកនៅត្រឹមជា ព្យុះហឺរីខិនកម្រិតទី១ ដែលមានកម្លាំងខ្យល់បក់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងសំដៅទៅរក រដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ដែលជាគោលដៅបន្ទាប់របស់វា។
គួរបញ្ជាក់ថា មុនមកដល់រដ្ឋផ្លូរីដា ព្យុះហឺរីខិន អ៉ីយ៉ាន បានវាយប្រហារលើគុយបា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបានបង្កឱ្យមាន ការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ ទន្ទឹមគ្នាដែរ ដែនដីផឺតូរីកូ (Puerto Rico) របស់សហរដ្ឋអាមេរិក នៅតំបន់សមុទ្រការីបង់ កំពុងតែបន្តកិច្ចប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីរងការវាយប្រហារពីព្យុះហឺរីខិននេះដូចគ្នា កាលពីសប្តាហ៍មុន៕