(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាចំពោះមុខមេដឹកនាំប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថានឹងជួយទប់ទល់ចំពោះ «ការបង្ខិតបង្ខំសេដ្ឋកិច្ច» ពីសំណាក់ប្រទេសចិន ហើយប្តេជ្ញាចិត្តធ្វើការឲ្យកាន់តែខ្លាំងជាមួយសម្ព័ន្ធមិត្តនិងដៃគូក្នុងតំបន់នេះ ដើម្បីដោះស្រាយតម្រូវការរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនរយៈពេលពីរថ្ងៃ សហរដ្ឋអាមេរិក និងមេដឹកនាំ ក៏ដូចអ្នកតំណាងមកពីប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកចំនួន១៤ បានចេញសេចក្តីប្រកាសរួមមួយលើដំណោះស្រាយដើម្បីពង្រឹងភាពជាដៃគូរបស់ពួកគេ ដែលគូសបញ្ជាក់អំពីការចែករំលែកចក្ខុវិស័យសម្រាប់តំបន់ដែល «មានការរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យ»។
ក្នុងឱកាសនោះដែរ លោក បៃដិន បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នានៅតែបន្តធ្វើការជាមួយគ្នាក្នុងបរិបទដែលយើងមិនចង់ ឲ្យចិនបង្កើតមូលដ្ឋានយោធានៅក្នុងតំបន់នេះ។ និយាយដោយត្រង់ៗទៅ, សន្តិសុខរបស់អាមេរិក និងពិភពលោកគឺអាស្រ័យលើទំនាក់ទំនងសន្តិសុខរបស់ចិនជាមួយប្រជុំកោះប៉ាស៊ីហ្វិក»។
គួរបញ្ជាក់ថា អ្នកដែលគាំទ្រសេចក្តីប្រកាសខាងលើនេះ ក៏រួមមាននាយករដ្ឋមន្ត្រីនៃប្រទេសដីកោះ សូឡូម៉ុន (Solomon) គឺលោក ម៉ាណាសេហ៍ សូហ្កាវ៉ា (Manasseh Sogavare) ដែលធ្លាប់និយាយថានឹងមិនចុះហត្ថលេខាលើសេចក្តីប្រកាសនេះទេ ដោយសារតែការព្រួយបារម្ភអំពីទំនាក់ទំនងនៃប្រទេសរបស់លោកជាមួយប្រទេសចិន៕