(ឌូបៃ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ការតវ៉ាក្នុងប្រទេសអ៉ីរ៉ង់នៅតែបន្តទូទាំងប្រទេស ដើម្បីប្រឆាំងទៅនឹងការស្លាប់នារីវ័យក្មេងនៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងសង្គម ក៏ដូចជាក្រុមសិទ្ធិមនុស្សបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៨៣នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលជិត២សប្តាហ៍នៃបាតុកម្ម។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
នាង ម៉ាសា អាមីនី (Mahsa Amini) វ័យ២២ឆ្នាំ មកពីទីក្រុងសាឆេ (Saqez) ជនជាតិឃឺដ ត្រូវបានចាប់ខ្លួនក្នុងប្រទេសអ៉ីរ៉ង់ក្នុងខែកញ្ញានេះ ដោយប៉ូលិសសីលធម៌ទីក្រុងតេហេរ៉ង់ ពីបទ «ស្លៀកពាក់មិនសមរម្យ» ដែលអនុវត្តការរឹតបន្តឹងលើការស្លៀកពាក់ដ៏តឹងរ៉ឹងចំពោះស្រ្តី។ ការស្លាប់របស់នាងបានបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងក្លា ដោយការតវ៉ានៅតាមដងផ្លូវទូទាំងប្រទេស។
ក្រុមសិទ្ធិមនុស្សអ៉ីរ៉ង់ដែលមានមូលដ្ឋានក្នុងប្រទេសន័រវេស បានឲ្យដឹងតាមរយៈបណ្តាញ Twitter យ៉ាងដូច្នេះថា «យ៉ាងហោចណាស់មនុស្សចំនួន៨៣នាក់ រួមទាំងកុមារត្រូវបានសម្លាប់»។ ចំណែកគណនី Twitter ផ្សេងទៀតបានចែកចាយវីដេអូនៃការបង្រ្កាបរបស់អាជ្ញាធរនៅតាមទីក្រុងនានាជាដើម។ ប៉ុន្តែទូរទស្សន៍រដ្ឋអ៉ឺរ៉ង់បានផ្សព្វផ្សាយថា ប៉ូលិសបានចាប់ខ្លួនអ្នកធ្វើកុប្បកម្មមួយចំនួនដោយមិនបានផ្តល់តួលេខច្បាស់លាស់ឡើយ។
គួរបញ្ជាក់ថា បើតាមប្រធានាធិបតីអ៉ីរ៉ង លោក អ៉ីប្រាហ៉ីម រៃស៉ី (Ebrahim Raisi), ថាភាពចលាចលក្នុងប្រទេសរបស់លោក កើតឡើងដោយការជំរុញរបស់មហាអំណាចលោកខាងលិច ដែលប្រកាន់ជំហរអមិត្តចំពោះអ៉ីរ៉ង់ចាប់តាំងពីបដិវត្តន៍អ៉ីស្លាមនៅឆ្នាំ១៩៧៩៕