(ហែលស៊ីនគី)៖ ប្រទេសហ្វាំងឡង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបិទព្រំដែនរបស់ខ្លួន ចំពោះអ្នកទេសចររុស្ស៊ីនៅត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍នេះ ដែលជាការបិទផ្លូវគោកផ្ទាល់ចុងក្រោយចូលទៅកាន់សហភាពអឺរ៉ុប ខណៈដែលជនជាតិរុស្សីរាប់ពាន់នាក់ ព្យាយាមគេចចេញពីការកែនទ័ពសម្រាប់ការប្រយុទ្ធនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
រដ្ឋាភិបាលហ្វាំងឡង់បាននិយាយថា វិធានការនេះនឹងនាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ នៃចរាចរណ៍ឆ្លងកាត់ព្រំដែន បន្ទាប់ពីជនជាតិរុស្ស៊ីជិត ១៧,០០០នាក់ បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសនេះកាលពីចុងសប្តាហ៍កន្លងទៅ។
រដ្ឋមន្ត្រីការបរទេស លោក Pekka Haavisto បានប្រាប់សន្និសីទសារព័ត៌មានថា «ការចូលមករបស់ពលរដ្ឋរុស្ស៊ី (សម្រាប់គោលបំណងទេសចរណ៍) ទៅក្នុងប្រទេសហ្វាំងឡង់ បង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងអន្តរជាតិរបស់ហ្វាំងឡង់» ព្រមទាំងបានពន្យល់ថា ការសម្រេចចិត្តហាមឃាត់នេះ បានធ្វើឡើងដោយតាមការពិភាក្សាជាមួយអ៊ុយក្រែន និងប្រទេសជិតខាង។
ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា ការចូលប្រទេសសម្រាប់ការសួរសុខទុក្ខគ្រួសារ ក៏ដូចជាសម្រាប់ការងារ និងការសិក្សានឹងនៅតែត្រូវបានអនុញ្ញាត។
គួរបញ្ជាក់ថា ជាមួយនឹងការសម្រេចចិត្តនេះ រដ្ឋាភិបាលហ្វាំងឡង់ បានចូលរួមជាមួយប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដែលមានព្រំដែនដីជាមួយរុស្ស៊ី ដែលបានរារាំងភ្ញៀវទេសចររុស្ស៊ីរួចស្រេចហើយ។ សហភាពអឺរ៉ុបបានហាមឃាត់រាល់ជើងហោះហើរពីប្រទេសរុស្ស៊ី ដោយបន្សល់ទុកតែបណ្តាញដឹកជញ្ជូនផ្លូវដែក និងផ្លូវថ្នល់ប៉ុណ្ណោះ៕