(តូក្យូ)៖ នៅក្នុងការទទួលស្គាល់ដ៏កម្រ នៃការបៀតបៀនផ្លូវភេទដោយកងទ័ពជប៉ុន មេទ័ពម្នាក់កាលពីថ្ងៃព្រហស្បតិ៍ (២៩ ខែកញ្ញា) បានសុំទោសដល់អតីតស្ត្រីទាហានម្នាក់ ចំពោះការឈឺចាប់ដែលបង្កឡើងដោយទាហានមួយក្រុម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
លោក Yoshihide Yoshida ប្រធានកងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន បាននិយាយថា ការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញភស្តុតាងដែលថា ទាហានជាច្រើនមានជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងប្តឹងដោយអតីតទាហាន លោកស្រី Rina Gonoi កាលពីខែមុន។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada កាលពីដើមខែនេះ បានបញ្ជាឱ្យមានការស៊ើបអង្កេតទូទាំងក្រសួង លើរបាយការណ៍អំពីករណីរំលោភផ្លូវភេទ បន្ទាប់ពីលោកស្រី Gonoi បានធ្វើប្តឹង និងចោទប្រកាន់កងទ័ពពីបទបៀតបៀននាង និងអ្នកដទៃ។
លោកស្រី Gonoi បានចេញមុខកាលពីចុងខែសីហា ដើម្បីស្នើសុំការស៊ើបអង្កេតឡើងវិញ អំពីការរំលោភបំពានលើនាងក្នុងឆ្នាំ២០២១ ដោយអតីតសហការីបុរស។ នាងក៏បាននិយាយថា នាងបានទទួលព័ត៌មានពីសមាជិកសេវាកម្មចំនួន១៤៦នាក់ផ្សេងទៀត ក៏រងការបៀតបៀនដូចរូបនាងដែរ៕