(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ចូលទៅក្នុងសមុទ្រខាងកើត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាការបាញ់លើកទី៣ ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើដែនទឹកដែលគេស្គាល់ជាទូទៅថា ជាសមុទ្រជប៉ុននោះ ថា «កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយ ចូលទៅក្នុងសមុទ្រខាងកើត»។
ដោយដកស្រង់ព័ត៌មានពីក្រសួងការពារជាតិរបស់ទីក្រុងតូក្យូ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ក៏បានបញ្ជាក់ពីការបាញ់មីស៊ីលផ្លោងនេះផងដែរ និងបានព្រមាននាវាឱ្យប្រុងប្រយ័ត្ន។
គួរបញ្ជាក់ថា ការបាញ់ផ្លោងនេះ កើតឡើងចំពេលដែលអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានទៅដល់ទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលខ្លី ដោយលោកស្រីក៏នឹងទៅទស្សនាព្រំដែន ដែលមានកំពែងរឹងមាំខ្លាំងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងផងដែរ។
កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីលផ្លោងចំនួន២គ្រាប់ មុនដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនេះ ដោយមួយគ្រាប់ត្រូវបានធ្វើតេស្ដកាលពីថ្ងៃអាទិត្យ និងមួយគ្រាប់ទៀតត្រូវបានបាញ់សាកល្បងកាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយនេះជាលើកទី៣ហើយ៕