(សេអ៊ូល)៖ ឯកសារមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលផ្ញើទៅកាន់សភាកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញថា ទីក្រុងសេអ៊ូលបានសម្រេចចិត្តលុបចោល គម្រោងក្នុងការបាញ់បង្ហោះផ្កាយរណប តាមរយៈការប្រើប្រាស់គ្រាប់រ៉ុក្កែតរបស់រុស្ស៉ី នៅក្នុងឆ្នាំនេះ ចំពោះមុខការព្រួយគ្នាដាក់ទណ្ឌកម្មដោយសហគមន៍អន្តរជាតិ ទៅលើកម្មវិធីអវកាសរបស់ទីក្រុងមូស្គូ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងឯកសារខាងលើ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានខាងត្បូង បានវាយតម្លៃថា វាកំពុងកាន់តែលំបាកឡើងៗ ក្នុងការបន្តទៅមុខនូវផែនការបាញ់បង្ហោះផ្កាយរណប ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតរបស់ប្រទេសរុស្ស៉ី ក្រោមហេតុផលនៃទណ្ឌកម្មរួម របស់សហគមន៍អន្តរជាតិ លើទីក្រុងមូស្គូជុំវិញការឈ្លានពានទៅលើអ៊ុយក្រែន។ ក្រសួងក៏បានស្នើសុំកញ្ចប់ថវិកាបន្ថែមផងដែរ សម្រាប់ការស្វែងរកកិច្ចព្រមព្រៀងបង្ហោះផ្កាយរណបថ្មី។
គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងទំនងជា នឹងងាកទៅចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនអាមេរិក SpaceX ហើយនិងទីភ្នាក់ងារអវកាសអឺរ៉ុប ESA សម្រាប់ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន៕