(ស៉ីដនី)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអូស្រ្តាលីសូមបដិសេធសេចក្តីសម្រេចរបស់តុលាការមីយ៉ាន់ម៉ា ដែលកាត់ទោសឲ្យលោកសាស្រ្តាចារ្យ សន ថឺនណេល (Sean Turnell) ហើយអំពាវនាវឲ្យដោះលែងរូបលោកជាបន្ទាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ដោយសារតែភាពរស៉ើបនៃបញ្ហានេះ ប្រភពដែលដឹងអំពីដំណើរការនីតិវិធីបាននិយាយក្នុងលក្ខណមិនបញ្ចេញឈ្មោះ ឲ្យដឹងថា តុលាការមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា នៅថ្ងៃដដែលនេះ បានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង លោកស្រី អោងសាន ស៊ូជី និង លោក ថឺនណេល ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ឲ្យជាប់ពន្ធនាគារម្នាក់ ៣ឆ្នាំ ដោយចោទប្រកាន់ពីបទបំពានច្បាប់កិច្ចការសម្ងាត់រដ្ឋ។
លោកស្រី ផេននី វង់ បានគូសបញ្ជាក់ថា «រដ្ឋាភិបាលអូស្រ្តាលីសូមច្រានចោលការចោទប្រកាន់ទាំងឡាយ ដែលប្រឆាំងនឹងលោកសាស្រ្តាចារ្យ ថឺនណេល កំលុងពេលជាង១៩ខែ ដែលលោកត្រូវបានគេឃុំឃាំងដោយអយុត្តិធម៌ ដោយរបបយោធាមីយ៉ាន់ម៉ា»។ អូស្រ្តាលី នឹងបន្តតស៊ូមតិសម្រាប់ការដោះលែង និងឲ្យលោកសាស្រ្តាចារ្យអាចត្រឡប់មក អូស្រ្តាលីវិញ៕