(ប៉េកាំង)៖ ក្នុងរយៈពេលជិត៥ឆ្នាំកន្លងមកនេះ «ប្រតិបត្តិការកម្លាំងឥទ្ធិពលសម្ងាត់»​ របស់អាមេរិកបានបង្កើតគណនីក្លែងក្លាយរាប់រយ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមជាច្រើន ដោយឃោសនាបំប៉ោងពីពាក្យសំដីជិតស្និទ្ធលោកខាងលិច និងបង្កាច់បង្ខូចប្រទេសជាច្រើនដែលក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ជាដើម។ គណនីទាំងនេះប្រហែលជាត្រូវបានប្រតិបត្តិដោយ ភាគីយោធារបស់អាមេរិក ហើយបច្ចុប្បន្ននេះសុទ្ធតែ ត្រូវបានបិទដោយប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការបង្កើតព័ត៌មានក្លែងក្លាយ និងគ្រប់គ្រងនិងបំភាន់មតិសាធារណៈ គឺជាល្បិចដ៏ពូកែរបស់អាមេរិកជាប់រហូតមក។ លោក Rand Paul សមាជិកព្រឹទ្ធសភាអាមេរិកធ្លាប់បាននិយាយត្រង់ៗថា «តើអ្នកដឹងទេថានរណាជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដ៏ធំបំផុត នៅលើពិភពលោក? គឺរដ្ឋាភិបាលអាមេរិក»«ប្រតិបត្តិការកម្លាំងឥទ្ធិពលសម្ងាត់» ដែលត្រូវបានបែកធ្លាយដោយស្ថាប័នមួយចំនួន ក្នុងនោះបូករួមទាំងសាកលវិទ្យាល័យ Stanford ជាដើម គឺគ្រាន់តែជាមួយជ្រុងតូចនៃសង្រ្គាមព័ត៌មានក្លែងក្លាយ តាមអ៊ីនធើណេតរបស់អាមេរិកប៉ុណ្ណោះ ហើយមានការប៉ុនប៉ងជាច្រើនទៀតនៅពីក្រោយនោះ។

ការប្រឌិតព័ត៌មានក្លែងក្លាយជាមធ្យោបាយដ៏សំខាន់របស់អាមេរិក ក្នុងការផ្តួលរំលំរដ្ឋអំណាចនៃប្រទេសដទៃ។ សៀវភៅ «ផ្នែកមួយទៀតដែលលាក់កំបាំងក្នុងបដិវត្តន៍អារ៉ាប់» ធ្លាប់បានទម្លាយឱ្យដឹងថា អាមេរិកបានបណ្ដុះបណ្ដាលអ្នកសរសេរអត្ថបទ តាមអ៊ីនធើណេតជាច្រើនដែលនិយាយភាសាអារ៉ាប់ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ហើយពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបែបវីរុសនៅវេទិកាបណ្តាញទំនាក់ទំនងសង្គម។ មធ្យោបាយស្រដៀងគ្នានេះត្រូវបានលាតត្រដាងថា ធ្លាប់បានប្រើប្រាស់នៅក្នុង «បដិវត្តន៍ពណ៌» ដែលបានគ្រោងទុកដោយអាមេរិកពីមុនផងដែរ។

ព្រមជាមួយគ្នានេះ ភាគីអាមេរិកបានឆ្លៀតឱកាសប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីចាក់សាំងពីលើភ្លើង និងឆក់យកផលប្រយោជន៍។ របាយការណ៍នៃស្ថាប័នមួយចំនួនដូចជា សាកលវិទ្យាល័យ Stanford ជាដើម បានចង្អុលបង្ហាញថា នៅតំបន់អាស៊ីកណ្តាល អាមេរិកបានបង្កការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈគណនីក្លែងក្លាយ ហើយក៏មិនភ្លេចតែងលំអខ្លួនឯងឡើយ ដើម្បីបង្កើតនូវរូបភាពដែលហៅថាជាម្ចាស់សង្គ្រោះលោក។

លើសពីនេះទៅទៀត ភាគីអាមេរិកក៏បានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បី «ទម្លាក់កំហុស» និងរុញច្រានទំនួលខុសត្រូវ ហើយលាបពណ៌លើសត្រូវស្រមើស្រមៃ។ ជាឧទាហរណ៍ ក្នុងអំឡុងពេលផ្ទុះការរាតត្បាតនៃជំងឺកូវីដ១៩នៅឆ្នាំ២០២០ របាយការណ៍ស៊ើបអង្កេតចំនួន២៧ទំព័រ ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវអូស្ត្រាលីបានបង្ហាញថា គណនីដែលមានទំនាក់ទំនងជាមួយ គណបក្សសាធារណៈរដ្ឋអាមេរិក និងពួកកម្លាំងស្តាំនិយមចំនួនរាប់ពាន់ នៃប្រព័ន្ធផ្សព្វផ្សាយសង្គមអាមេរិក បានផ្សាយបន្តពាក្យមួលបង្កាច់ចិន តាមទំនើងចិត្ត។ គណនីទាំងនេះ ភាគច្រើនគឺជាគណនី «មនុស្សយន្ត»។បន្ទាប់ពីការពិតត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិបាននាំគ្នាថ្កោលទោស ចំពោះទង្វើដ៏ថោកទាបរបស់អាមេរិក ដែលប្រឌិតរឿងភូតកុហក។

ពីការសូកប៉ាន់ប្រព័ន្ធសារព័ត៌មាន ដើម្បីញាក់ខ្សែបញ្ជាពីក្រោយមតិសាធារណៈ ក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ដល់ការផ្ទុះសង្រ្គាមចំពោះប្រទេសអ៊ីរ៉ាក់ដោយយក «ម្សៅសាប៊ូ» ធ្វើជាលេស រហូតដល់ការប្រើប្រាស់គណនីក្លែងក្លាយជាច្រើន សម្រាប់ផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលសំដៅ ចំពោះប្រទេសផ្សេងទៀតនៅលើអ៊ីនធើណេត អាមេរិកបានដើរលើផ្លូវក្លែងបន្លំ កាន់តែឆ្ងាយទៅៗ ហើយខ្លាចពិភពលោកមិនមានភាពវឹកវរ។ កលល្បិចដែលចង្អុលសត្វក្តាន់ថាសេះ និងនិយាយប្រែសជាខ្មៅរបស់ «ប្រទេសប៉ិនកុហក» បានប្រើយូរមកហើយ ហើយកេរ្តិ៍ឈ្មោះរបស់ខ្លួន ក៏បានក្ស័យធនតាំងពីដើមមកម្ល៉េះ៕

វិទ្យុមិត្តភាពកម្ពុជាចិន