(ប៉េកាំង)៖ ថ្ងៃទី២៨ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិននិងប្រធានាធិបតីអាហ្សង់ទីន ផ្ញើសារសាទរដោយឡែកពីគ្នាជូនចំពោះ វេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងអាហ្សង់ទីន។
ថ្លែងក្នុងសារលិខិត លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសចិននិងអាហ្សង់ទីនជាមិត្តភក្តិល្អនិងដៃគូល្អ។ ឆ្នាំនេះជាខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្សង់ទីន ហើយក៏ជាឆ្នាំសហប្រតិបតិ្តការដ៏មេត្រីភាព រវាងចិននិងអាហ្សង់ទីនផងដែរ។ ក្នុងរយៈពេលពាក់កណ្តាលសតវត្សរ៍មក ទំនាក់ទំរងរវាងប្រទេសទាំងពីរបានឆ្លងកាត់ ការសាកល្បងពីភាពបម្រែបម្រួលនៃឆាកអន្តរជាតិ ហើយបានក្លាយជាគំរូនៃកិច្ចសហប្រតិបតិ្តការដ៏សាមគ្គីភាព រវាងប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាគំរូនៃការអភិវឌ្ឍរួមផងដែរ។ រំពឹងទុកថា អង្គប្រជុំអាចគិតពិចារណាយ៉ាងទូលំទូលាយ និងប្រមូលផ្តុំគំនិតឯកភាពរួម ដើម្បីរួមចំណែកក្នុងការជំរុញការបង្កើត សហគមន៍រួមវាសនារវាងចិននិងអាមេរិកឡាទីនក្នុងយុគសម័យថ្មី ក៏ដូចជាសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ។
ថ្លែងក្នុងសារលិខិត លោក Alberto Fernández បានលើកឡើងថា អាហ្សង់ទីននិងចិនបានចាប់ដៃគ្នា ឆ្លងកាត់ពាក់កណ្តាលសតវត្សរ៍រួចហើយ ជឿជាក់ថា ភាគីទាំងពីរនឹងបង្កើតជាសហគមន៍រួមវាសនា ដែលមានកម្រិតអភិវឌ្ឍន៍កាន់តែខ្ពស់ ។
សូមបញ្ជាក់ថា វេទិកាជាន់ខ្ពស់ស្តីពីការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីនបានប្រារព្ធធ្វើនៅថ្ងៃដដែល នៅក្រុងប៉េកាំង ក្រោមប្រធានបទ «ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មាន រួមគ្នាស្វែងរកផលប្រយោជន៍និងសុខសុភមង្គលរបស់ប្រជាជន» ដែលរួមគ្នារៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការទទួលបន្ទុក ប្រព័ន្ធសារព័ត៌មានសាធារណៈនៃប្រទសេអាហ្សង់ទីន៕