(តូក្យូ)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វាជារឿងសំខាន់ក្នុងការដឹកនាំទំនាក់ទំនងទ្វេភាគីក្នុងទិសដៅវិជ្ជមាន ខណៈមេដឹកនាំទាំងពីរបានប្រារព្ធខួប៥០ឆ្នាំ នៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ចំពេលភាពតានតឹងកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្នុងជំនួបតាមទូរស័ព្ទមួយ លោក ស៉ី បានប្រាប់លោក គីស៉ិដា ដោយផ្សាភ្ជាប់នូវសារៈសំខាន់នៃទំនាក់ទំនងចិន-ជប៉ុន ហើយលោកមានឆន្ទៈក្នុងការធ្វើការជាមួយសមភាគីជប៉ុន ដើម្បីកសាងទំនាក់ទំនងនេះបន្ថែមទៀត។ ដោយឡែក ក្នុងសុន្ទរកថាសា្វគមន៍មួយពីទីក្រុងតូក្យូ លោក គីស៉ិដា បានប្រាប់លោក ស៉ី ថា ទំនាក់ទំនងទ្វេភាគីកំពុងជួបនឹងបញ្ហាប្រឈមជាច្រើន ហើយឥឡូវនេះលោកសង្ឃឹមថានឹងអាច ត្រួសត្រាយផ្លូវសម្រាប់អនាគតថ្មី។
លោក គីស៉ិដា បានគូសបញ្ជាក់ទៅកាន់លោក ស៉ី យ៉ាងដូច្នេះថា «ប្រទេសជប៉ុន និងចិនចែករំលែកនូវទំនួលខុសត្រូវដ៏អស្ចារ្យ ក្នុងការសម្រេចបានសន្តិភាព និងភាពរុងរឿងនៅក្នុងតំបន់ និងពិភពលោក។ក្នុងទិដ្ឋភាពនៃ ៥០ឆ្នាំខាងមុខ... ខ្ញុំសង្ឃឹមថានឹងធ្វើការជាមួយអ្នកដើម្បីកសាងទំនាក់ទំនងជប៉ុន-ចិនប្រកបដោយការស្ថាបនានិងស្ថិរភាព»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិនដែលជា ប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរ និងជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីបី របស់ពិភពលោក ស្ថិតក្នុងភាពតានតឹងជាយូរណាស់មកហើយលើបញ្ហាកោះមានជម្លោះ ឥទ្ធិពលក្នុងតំបន់ និងកេរ្តិ៍ដំណែល នៃការត្រួតត្រារបស់ជប៉ុនកាលពីសម័យសង្រ្គាម មកលើផ្នែកនៃប្រទេសចិន។
ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងថែមទៀត កាលពីខែសីហាកន្លងទៅ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៉ី ផេឡូស៉ី ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់ ដែលបាននាំឲ្យទីក្រុងប៉េកាំង ចាត់វិធានការឆ្លើយតប ដោយការបាញ់មីស៊ីលនៅជិតកោះតៃវ៉ាន់ រួចក៏បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន៕