(វែលីងតោន)៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក និងចិនគួរតែចូលរួមជាមួយតំបន់ប៉ាស៊ីហ្វិក តាមរយៈវេទិកា Pacific Islands Forum ហើយធ្វើការដើម្បីដោះស្រាយតម្រូវការក្នុងតំបន់។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
នៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ លោកស្រី ម៉ាហ៊ូតា បានបញ្ជាក់ថា លោកស្រី បានប្រាប់សហរដ្ឋអាមេរិកថាវាមាន សារៈសំខាន់សម្រាប់ពួកគេ និងប្រទេសមហាអំណាចផ្សេងទៀត ក្នុងការចូលរួមជាមួយតំបន់ប៉ាស៉ីហ្វិកតាមប្រព័ន្ធដែលមានស្រាប់។ លោកស្រីបន្តថាកិច្ចខិតខំ ប្រឹងប្រែងដែលមិនទទួលបានជោគជ័យរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ា យី (Wang Yi) ក្នុងការប្រែក្លាយទំនាក់ទំនងទ្វេភាគីទៅជាកិច្ចព្រមព្រៀង ពហុភាគី បានឆ្លុះបញ្ចាំងឲ្យឃើញថា តំបន់ប៉ាស៊ីហ្វិកកំពុងចាប់ផ្តើមគិតពីអ្វីដែលខ្លួនចង់បានពីផលប្រយោជន៍សន្តិសុខ។
លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវាគ្មានអ្វីដែលបានមកដោយងាយស្រួល ជាមួយមហាអំណាចទាំងអស់នោះទេ។ ការស្តាប់យោបល់និង តម្រូវការ របស់ប្រទេសដែនកោះប៉ាស៊ីហ្វិក គឺមានសារៈសំខាន់។ ហើយវាពិតណាស់ថាយើងត្រូវសម្របសម្រួល និងសហការគ្នាលើវិស័យសំខាន់ៗ ដែលអាចជួយឲ្យ សម្រេចបាននូវគោលដៅជាអាទិភាព»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចាត់ទុកតំបន់ប៉ាស៊ីហ្វិកជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ ប៉ុន្តែបច្ចុប្បន្ន ឥទ្ធិពលរបស់ចិន បាន និងកំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រទេសដែនកោះប៉ាស៊ីហ្វិកមួយចំនួនបានត្អូញត្អែរយ៉ាងខ្លាំង ដែលពួកគេត្រូវកៀបចំកណ្ដាល នៃការប្រជែងគ្នារបស់មហាអំណាចពិភពលោក៕