(ផ្ល័រីដា)៖ ព្យុះហឺរីខិន អ៉ីអេន (Hurricane Ian) បានចាប់ផ្ដើមវាយប្រហារលើរដ្ឋផ្ល័រីដា របស់សហរដ្ឋអាមេរិកហើយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុង តំបន់) ដោយបង្កឱ្យមានគ្រោះទឹកជំនន់ ផ្ទះជាង ១លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើរជាច្រើនត្រូវបានលុបចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ព្យុះហឺរីខិន អ៉ីអេន ដែលត្រូវបានចាត់បញ្ចូលជាព្យុះហឺរីខិនកម្រិតទី៤ បានបក់បោកទៅដល់តំបន់ដែនកោះ ខាយ៉ូ កូស្ដា (Cayo Costa) នៃរដ្ឋផ្ល័រីដា កាលពីម៉ោងជាង ៣រសៀល កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ដល់ទៅ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយដែលល្បឿនខ្យល់នេះគឺជា កម្រិតធ្ងន់ធ្ងរមួយ បន្ទាប់ពីព្យុះហឺរីខិនកម្រិតទី៥ ដែលជាកម្រិតធ្ងន់ធ្ងរបំផុត។
បើតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះហឺរីខិននេះក៏អាចនឹងនាំមកភ្លៀងធ្លាក់ខ្លាំងផងដែរជាមួយកម្រិតទឹកភ្លៀង ៧៦សង់ទីម៉ែត្រ នៅផ្នែកមួយចំនួននៃរដ្ឋ ផ្ល័រីដា ស្របពេលប្រជាជនជាង ២.៥លាននាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព៕