(ម៉ាណូស)៖ អាជ្ញាធរប្រេស៊ីល បានឱ្យដឹងថាមនុស្ស ៣នាក់បានស្លាប់ និង១៥នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីស្ពានមួយបានបាក់ នៅឯ រដ្ឋអាម៉ាហ្សូណាស់ (Amazonas) ស្ថិតនៅភាគខាងជើងនៃប្រទេស កាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកមនុស្ស១៥នាក់ ដែលបានបាត់ខ្លួន ក្រោយស្ពានមួយតភ្ជាប់ទៅផ្លូវហាយវេ BR-319 នៅក្នុងទីក្រុងការេរ៉ូ (Careiro) ស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រពីរដ្ឋធានីម៉ាណូស (Manaus) នៃរដ្ឋអាម៉ាហ្សូណាស់ បានបាក់រលំ។
បើតាមអាជ្ញាធរប្រេស៊ីល មនុស្ស១៤នាក់ ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍បាក់ស្ពានខាងលើ ដែលកើតឡើងនៅពេលមានរថយន្ដជាច្រើន គ្រឿងបើកឆ្លងកាត់។ តែមិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យបាក់ស្ពាននេះនៅឡើយទេ៕