(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានបញ្ជូនយន្ដហោះចម្បាំង F-15 មួយគ្រឿងឱ្យហោះតាមបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អ៉ីរ៉ង់ ដែល បានបង្កការគំរាមកំហែងដល់កងកម្លាំងអាមេរិក នៅក្នុងតំបន់អឺបៀល (Erbil) នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ ចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពអាមេរិក US Central Command ដែលទទួលបន្ទុកឃ្លាំមើលសកម្មភាពយោធា អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថា នៅម៉ោងប្រហែល ២៖១០នាទី រសៀល កាលពីថ្ងៃពុធ (ម៉ោងក្នុងតំបន់) កងកម្លាំងអាមេរិកបានបាញ់ ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អ៉ីរ៉ង់ ប្រភេទម៉ូជើ ៦ (Mojer-6) ដែលបានហោះតម្រង់ឆ្ពោះមកកាន់តំបន់អឺបៀល ដោយបង្កការគំរាមកំហែង ដល់កងកម្លាំងអាមេរិក USCENTCOM នៅក្នុងតំបន់។
គួរបញ្ជាក់ថា ការបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់ខាងលើ កើតមានឡើង ក្រោយមនុស្ស ៩នាក់ ក្នុងនោះមានទាំងជនស៊ីវិល ត្រូវបានសម្លាប់ ក្រោយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារលើកងជីវពលឃើដ នៅក្នុងតំបន់ភាគខាងជើងប្រទេសអ៉ីរ៉ាក់៕