(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងត្រៀមកញ្ចប់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងរុស្ស៉ី ពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិកាត់យកទឹកដីអ៊ុយក្រែន ដែលបណ្ដាប្រទេសលោកខាងលិចចាត់ទុកថាជាទង្វើខុសច្បាប់ ហើយប្រកាសថានឹងមិនទទួលស្គាល់ទឹកដីទាំងនេះជាផ្នែកមួយរបស់រុស្ស៉ី ជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយ (Ned Price) បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីបង្កើនការដាក់សម្ពាធបន្ថែមលើរុស្ស៉ី ព្រមទាំងបុគ្គល និងអង្គភាពដែលមានជួយ ក៏ដូចជាគាំទ្រដល់ការកាត់យកទឹកដី (អ៊ុយក្រែន)»។ លោក ណេត ប្រាយ បន្ថែមកញ្ចប់ទណ្ឌកម្មថ្មីខាងលើអាចនឹងត្រូវ ដាក់ចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីលើកបន្តុបដោយទីក្រុងមូស្គូក្នុងតំបន់ចំនួន៤ នៃប្រទេសអ៊ុយក្រែនបានប្រកាសពីជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ។

ការបោះឆ្នោតប្រជាមតិ ត្រូវបានធ្វើឡើងនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ដូចជា ដូណេត (Donetsk) លូហាន (Luhansk) ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhia) និងតំបន់ខឺសុន (Kherson) ហើយដែលតំបន់ទាំងនេះបូកបញ្ចូលគ្នាមានទំហំស្មើនឹង ១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងមូល៕

,