(ប៉ាឡេស្ទីន)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ០៤នាក់បានស្លាប់ និង៤៤នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃពុធ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយឆ្មក់នៅតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង West Bank ដែលជាចំណុចស្នូល នៃការវាយឆ្មក់របស់អ៊ីស្រាអែលរយៈពេល ៦ខែ នៅតំបន់ West Bank ដែលជារឿយៗបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងហិង្សា។ ការវាយឆ្មក់របស់អ៊ីស្រាអែល បានធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវជាបន្តបន្ទាប់ ក្នុងប្រទេសអ៊ីស្រាអែលកាលពីដើមឆ្នាំនេះ។
យោធាអ៊ីស្រាអែលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនៅទីក្រុង Jenin នេះ គឺសំដៅទៅលើជនជាតិប៉ាឡេស្ទីនពីរនាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនៅក្នុង «ការបាញ់ប្រហារថ្មីៗជាច្រើន»។
អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានបរិហារឧបទ្ទវហេតុនេះ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការកាន់កាប់របស់អ៊ីស្រាអែល នៅតែមើលស្រាលជីវិតរបស់ប្រជាជនប៉ាឡេស្ទីន ហើយកំពុងរំខានដល់សន្តិសុខ និងស្ថិរភាព»៕