(ន័រវេស)៖ មេដឹកនាំនៃប្រទេសន័រវេស ប៉ូឡូញ និងដាណឺម៉ាក បានចូលរួមពិធីសម្ពោធមួយកាលពីថ្ងៃពុធ ដើម្បីអបអរសាទរការបើកបំពង់បង្ហូរប្រេងថ្មី ដើម្បីដឹកជញ្ជូនឧស្ម័ន ពីខ្ពង់រាបប្រទេសន័រវេសទៅកាន់ប្រទេសប៉ូឡូញ ដោយឆ្លងកាត់ប្រទេសដាណឺម៉ាក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន eauronews នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ក្រុមហ៊ុន Equinor របស់ប្រទេសន័រវេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំ ដើម្បីផ្គត់ផ្គង់ ២.៤ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ឬ ១៥ភាគរយ នៃការប្រើប្រាស់ប្រចាំឆ្នាំរបស់ប្រទេសប៉ូឡូញ។
បំពង់បង្ហូរឧស្ម័នបាល់ទិកនេះ នឹងក្លាយជាផ្លូវសំខាន់មួយសម្រាប់ដឹកឧស្ម័នពីប្រទេសន័រវេស ឆ្លងកាត់ប្រទេសដាណឺម៉ាកទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសជិតខាង។ វានឹងអាចនាំចូលឧស្ម័នរហូតដល់ ១០ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំ ពីប្រទេសន័រវេសទៅប៉ូឡូញ និង០៣ពាន់លានម៉ែត្រគូបពីប៉ូឡូញទៅដាណឺម៉ាក។
រដ្ឋមន្ត្រីថាមពលន័រវេស លោក Terje Aasland បាននិយាយថា «វាគឺជាជំហានដ៏សំខាន់មួយ នៅលើផ្លូវដ៏សំខាន់ឆ្ពោះទៅរកឯករាជ្យភាពរបស់អឺរ៉ុបពីថាមពលរុស្ស៊ី»។
គួរជម្រាបថា ការបើកសម្ពោធនេះ ធ្វើឡើងស្របគ្នានឹងអាជ្ញាធរដាណឺម៉ាក និងស៊ុយអែតបានរកឃើញថា បំពង់បង្ហូររបស់រុស្ស៉ី Nord Stream 1 និង 2 បានបែកធ្លាយរហូតដល់០៣កន្លែងក្នុងពេលតែមួយ ដែលត្រូវបានសង្ស័យថា ជាទង្វើបំផ្លិចបំផ្លាញដោយភាគីណាមួយ៕