(ប៉េកាំង)៖ បន្ទាប់សៀវភៅសង្ខេបខ្លឹមសារ «ស៊ី ជីនភីង៖ អភិបាលកិច្ចរបស់ប្រទេសចិន» ចាប់ពីភាគ១ ដល់ភាគ៣ (សៀវភៅភាគ១ត្រូវបានបកប្រែជាខេមរភាសាដោយក្រុមការងារដឹកនាំដោយបណ្ឌិត ជា មុនីឫទ្ធិ និងបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧) ត្រូវបានចេញផ្សាយជាសាធារណៈ និងបានផ្តល់និងផ្ទេរពន្លឺពុទ្ធិនិងបទពិសោធន៍ដ៏មហាសាលរួចមក សៀវភៅសង្ខេបខ្លឹមសារ «ស៊ី ជីនភីង៖ អភិបាលកិច្ចរបស់ប្រទេសចិន» ភាគ៤ ក៏ត្រូវបានចេញផ្សាយជាផ្លូវការ (សរុបមាន១០៩អត្ថបទ ដែលបានដកស្រង់ខ្លឹមសារ ពីសុន្ទរកថារបស់ឯកឧត្តម ស៊ី ជីនភីង ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២) ជាការបង្ហាញពីអភិបាលកិច្ចនៃការដឹកនាំជាតិនិងត្រួសត្រាយផ្លូវអន្តរជាតិយ៉ាងស៊ីជម្រៅនិងប្រកបដោយសុភវិនិច្ឆ័យតាមបែបវិទ្យាសាស្ត្រស្របតាមលំហនិងសម័យកាលនៃប្រវត្ដិសាស្រ្ដ។

សៀវភៅនេះបានបើកបង្អួចចក្ខុវិស័យថ្មីសម្រាប់ពិភពលោកក្នុងឈ្វេងយល់ និងយល់កាន់តែច្បាស់និងស៊ីជម្រៅពីប្រទេសចិន។ ការដឹកនាំប្រជាជនតាមលំនាំអភិបាលកិច្ចប្រទេសរបស់បក្សកុម្មុយនិស្តចិន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រភេទណាមួយ? ជ្រើសរើសការអភិវឌ្ឍដោយរបៀបណា? ទាំងនេះក្លាយជាសំណួរទាក់ទងនឹងប្រទេសចិន ទាក់ទងនឹងពិភពលោក ទាក់ទងនឹងផលប្រយោជន៍របស់ប្រជាជន និងទាក់ទងនឹងស្ថានភាពថ្មីបំផុតនាសម័យបច្ចុប្បន្ន។

ការកសាងសង្គមនិយមទំនើប

ថ្លែងនៅក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃថ្ងៃកំណើតបក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា «តាមរយៈការខិតខំប្រឹងប្រែងជាប់ជាប្រចាំ របស់បក្សទាំងមូលនិងប្រជាជាតិទាំងមូល ប្រទេសចិនបានសម្រេចបានគោលដៅ ប្រចាំសតវត្សរ៍ដំណាក់កាលទីមួយ ចិនបានកសាងសង្គមមួយ ដែលមានជីវភាពធូរធារកម្រិតមធ្យម លើគ្រប់វិស័យ បានដោះស្រាយបញ្ហានភាពក្រីក្រ ជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសចិន។ ហើយឥឡូវនេះចិនកំពុងបោះជំហានដើរក្នុងវិថីល្បឿនលឿន ប្រកបដោយទំនុកចិត្តឆ្ពោះទៅរក គោលដៅប្រចាំសតវត្សរ៍ទីពីរ ក្នុងការកសាងប្រទេសសង្គមនិយមទំនើបកម្មដ៏ពេញលេញ»

ក្រឡេកមើលមហាដំណើរដែលបានបោះជំហានឆ្លងកាត់ បក្សកុម្មុយនិស្តចិនបានសម្រេចការសន្យារបស់ខ្លួន ប្រកបដោយប្តេជ្ញាចិត្តខ្ពស់និងជាឧឡារិក ចំពោះប្រវត្តិសាស្ត្រនិងប្រជាជន ជាក់ស្តែងភាពក្រីក្រក្នុងតំបន់ ត្រូវបានដោះស្រាយភារកិច្ចដ៏លំបាក ក្នុងការលុបបំបាត់ភាពក្រីក្រត្រូវបានសម្រេចនេះ គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការសម្រេចបាន នូវគោលដៅតស៊ូសតវត្សរ៍ដំណាក់កាលទីមួយ ប្រទេសចិនបានកសាងសង្គមមួយ ដែលមានជីវភាពធូរធារកម្រិតមធ្យមលើគ្រប់វិស័យ។

ជាងនេះទៅទៀត ការប្រយុទ្ធប្រឆាំងចុងក្រោយនឹងភាពក្រីក្រ ប្រទេសចិនបានទទួលជ័យជម្នះយ៉ាងពេញលេញ ប្រកបដោយមោទកភាព បើទោះបីជាប្រទេសចិនកំពុងស្ថិតនៅក្នុង ពេលដ៏លំបាកខ្លាំងក្នុងការទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីត-១៩ក៏ដោយ។ ប្រទេសចិនសម្រេចបាននូវការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដប្រភេទដេលតានិងប្រភេទអូមីក្រុង ដែលចំនួនអ្នកឆ្លង ចំនួនអ្នកជំងឺឈឺធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់បានរក្សាក្នុងកម្រិតទាបបំផុត។ នៅលើមូលដ្ឋានដ៏រឹងមាំនេះ ដែលសម្រេចបាននាពេលកន្លងមក ប្រទេសចិនបាននិងកំពុងបន្តសរសេរទំព័រប្រវត្តិសាស្រ្តថ្មី ក្នុងការកសាងប្រទេសសង្គមនិយម ទំនើបកម្មដ៏ពេញលេញ។

ការស្តារភាពអស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ

នៅក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃថ្ងៃកំណើតបក្សកុម្មុយនិស្តចិន ឯកឧត្តម ស៊ី ជីនភីង បានរំលេចផងដែរថា «សព្វថ្ងៃនេះ ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្រទាំងអស់ យើងកាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមានសមត្ថភាព សម្រេចគោលដៅ នៃការស្តារភាពអស្ចារ្យរបស់ប្រជាជាតិចិនឡើង វិញ»។ នេះការចាប់ផ្តើមមហាដំណើរថ្មី ដោយឆ្លងកាត់ផែនការប្រាំឆ្នាំប្រាំមួយដំណាក់កាលទៀត ក្នុងពាក់កណ្តាលសតវត្សរ៍នេះ ប្រទេសចិននឹងកសាងទៅជា ប្រទេសសង្គមនិយមទំនើបកម្មមួយ ដែលមានភាពរីកចម្រើន រឹងមាំ ប្រជាធិបតេយ្យ សុខដុមនីយកម្ម វប្បធម៌ជឿនលឿន និងមានភាពស្រស់ស្អាត។

ការបើកទ្វារចំហ

បក្សកុម្មុយនិស្តចិន បានរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍ នាពេលអនាគតដឹកនាំប្រជាជនចិន ឆ្ពោះទៅរកគោលដៅតស៊ូ សតវត្សរ៍ដំណាក់កាលទីពីរ។ ប្រឈមមុខនឹងការផ្លាស់ប្តូរវិវត្តកាន់តែរហ័ស និងខ្លាំងក្លាដែលមិនធ្លាប់មានក្នុងសតវត្សរ៍ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ថ្លែងស្តីពីមហាដំណើរឆ្ពោះទៅកាន់ គោលដៅប្រចាំសតវត្សរ៍ទីពីរ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ថា «យើងត្រូវតែត្រៀមខ្លួនជានិច្ច សម្រាប់សេណារីយ៉ូករណីណាក៏ដោយ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះថ្នាក់ដែលអាចកើតមាន ទប់ស្កាត់ការពារ និងដោះស្រាយរាល់ហានិភ័យណាមួយ នៅលើផ្លូវខាងមុខប្រកប ដោយប្រសិទ្ធភាព»

នេះជាគតិបណ្ឌិតរបស់ឯកឧត្តម ស៊ី ជីនភីង ដែលបានចង្អុលបង្ហាញថា ចង់ឈរជើងក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី បង្កើតទស្សនវិជ្ជានៃការអភិវឌ្ឍថ្មី ពន្លឿនការបង្កើតនូវសក្ដានុពលនៃការអភិវឌ្ឍថ្មី ជាមួយនឹងសេដ្ឋកិច្ចក្នុងស្រុក ដែលនៅសេសសល់ ពង្រឹងការបន្ស៊ីគ្នាទៅវិញទៅមកជាមួយនឹងអន្តរជាតិក្នុងលំនាំនៃការអភិវឌ្ឍថ្មី ដឹកនាំការអភិវឌ្ឍថ្មីនៃសង្គមនិយមទំនើបកម្ម ជាមួយនឹងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកទឹកចិត្តឲ្យប្រជាជនទាំងអស់មានជីវភាពធូរធារ ដើម្បីកសាងប្រទេសសង្គមនិយមទំនើបកម្ម ប្រកបដោយលំនាំល្អ និងការចាប់ផ្តើមល្អ។

កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៤ ដោយបានថ្លែងសុន្ទរកថាគន្លឹះគូសបញ្ជាក់ថា ទ្វាររបស់ប្រទេសចិនគឺបើកចំហ និងមិនបិទជារៀងរហូត ហើយបើកឱ្យកាន់តែទូលំទូលាយថែមទៀតផង។ ឯកឧត្តម ស៊ី ជីនភីង បានបន្ថែមថា «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកសាងសេដ្ឋកិច្ចពិភពលោក ដោយរូបភាពបើកចំហ ដើម្បីឱ្យខ្យល់និទាឃរដូវនៃការបើកចំហ នឹងនាំមកនូវភាពកក់ក្តៅដល់ គ្រប់ផ្នែកនៃពិភពលោក»

ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ

ថ្លែងនៅក្នុងវេទិកាអាស៊ីប៉អាវ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចោទជា សំណួរបែបជ្រើសរើសថា «សព្វថ្ងៃនេះ សង្គមមនុស្សបាននឹងប្រឈមមុខ នៅផ្លូវបំបែកជាប្រវត្តិសាស្ត្រ តើយើងនឹងជ្រើសរើសការប្រឈមមុខគ្នាដោយអរិភាព ឬការគោរពគ្នាទៅវិញទៅមក? តើយើងនឹងជ្រើសរើសភាពឯកោ និងការផ្តាច់ចំណង ឬការបើកចំហក្នុងកិច្ចសហប្រតិបត្តិការ? តើយើងនឹងជ្រើសរើសផលបូកស្មើសូន្យ ឬទទួលនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក?»

ប្រឈមមុខនឹងសំណួរទាក់ទងនឹង ដំណោះស្រាយសម្រាប់បញ្ហារបស់ពិភពលោកនេះ ឯកឧត្តម ស៊ី ជីនភីង បានលើកយកនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលទៅកាន់ពិភពលោក។ ឯកឧត្តមមានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាង សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ បញ្ចូលថាមពល និងស្ថិរភាពដល់ពិភពលោកដែលមានភាពមិននឹងនរ និងមានអស្ថិរភាព។ សង្គមមនុស្សយើងត្រូវតែសាមគ្គីជាថ្លុងមួយ ដើម្បីរួមគ្នាទប់ស្កាត់ និងកម្ចាត់ជំងឺកូវីត-១៩។

ឯកឧត្តម ស៊ី ជីនភីង បានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការបង្កើតវ៉ាក់សាំងជាសាធារណៈ ជាសកល និងធានានូវលទ្ធភាពទទួលបានវ៉ាក់សាំង និងតម្លៃសមរម្យសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសហគមន៍សុខភាពរួមគ្នា សម្រាប់មនុស្សជាតិ។ វ៉ាក់សាំងមួយក្នុងចំណោមពីរដូស ដែលត្រូវបានគេប្រើទូទាំងពិភពលោក ត្រូវបានផលិតនៅប្រទេសចិន។ នេះជាការសម្រេចបានរបស់ចិនដែលបានប្រកាស និងសន្យាចំពោះពិភពលោក។

គំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ»

នៅចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង ២០០ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង ១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានា នៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ។ តាមការប៉ាន់ប្រមាណថា គំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» នឹងជួយលើកមនុស្សចំនួន៧.៦លាននាក់ចេញពីភាពក្រីក្រខ្លាំង និង៣២លាននាក់ចេញពី ភាពក្រីក្រកម្រិតមធ្យម នៅទូទាំងពិភពលោក។

ខណៈដែលប្រទេសមួយចំនួនព្យាយាម បំបែកសហគមន៍អន្តរជាតិ តាមបន្ទាត់ទស្សនវិជ្ជាប្រកបដោយសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងចរន្តពហុភាគីនិយម ឯកឧត្តម ស៊ី ជីនភីង បានលើកឡើងគំនិតផ្តួចផ្តើមពី ការលើកតម្កើងតម្លៃរួមសម្រាប់មនុស្សជាតិ ប្រកបដោយសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។ ថ្លែងនៅក្នុងសន្និសីទលើកទី៣ ស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្តល់នូវទឡ្ហីករណ៍ ប្រកបដោយគរុសភាថា «ឆ្ពោះទៅផ្លូវសុភមង្គលមិនដូចគ្នាទេ ប្រជាជនមកពីគ្រប់ប្រទេសមាន សិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍ និងប្រព័ន្ធគ្រប់គ្រងដោយខ្លួនឯង នេះជាអត្ថន័យនៃសុភមង្គលល្អរបស់មនុស្ស»

សមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិន

នៅពេលប្រជុំសមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិនដែលគ្រោងនឹងប្រារព្ធនាថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ សៀវភៅ «ស៊ី ជីនភីង៖ អភិបាលកិច្ចរបស់ប្រទេសចិន» ភាគ៤ ដែលបានរៀបរាប់ពី គំនិតសង្គមនិយមតាមបែបផែនចិន នាយុគសម័យថ្មីតាមរយៈការដកស្រង់ នូវកម្រងអត្ថបទសុន្ទរកថារបស់ឯកឧត្តម ស៊ី ជីនភីង នឹងបង្ហាញយ៉ាងច្បាស់ពីមាគ៌ាស្តារ ភាពអស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ និងទស្សនៈនៃការកសាងសហគមន៍ ជោគវាសនារួមសម្រាប់មនុស្សជាតិ។

«ស៊ី ជីនភីង៖ អភិបាលកិច្ចរបស់ប្រទេសចិន» ជាសៀវភៅនៃកម្រងទស្សនវិជ្ជារបស់អ្នកដឹកនាំមួយរូប ប្រកបដោយវីរភាពសហសម័យ និងផ្តល់អនាគតដល់មនុស្សជាតិមិនធ្លាប់ទទួលបាន នូវឫទ្ធានុភាពនៃការចូលរួមចំណែកទទួលបាន នូវផ្លែផ្កាសុខសន្តិភាព និងការអភិវឌ្ឍក្រោមគំនិតផ្តួចផ្តើមនានារបស់ចិន ដែលត្រូវបានលាតត្រដាងដោយឥតលាក់លៀមនៅក្នុងសៀវភៅនេះ។

សាកល្បងឈ្វេងយល់ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន