មនុស្ស១៧នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យឆាបឆេះភោជនីយដ្ឋាន នៅប្រទេសចិន
28-09-2022 17:51
(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា នៅថ្ងៃពុធនេះ គ្រោះអគ្គិភ័យដែលបានកើតមានឡើង នៅភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងទីក្រុងឆាងជុន (Changchun) ភាគឦសានប្រទេសចិន បានបណ្តាលឱ្យមនុស្សយ៉ាងហោច ១៧នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងរបាយការណ៍ដដែល របស់ស្ថានីយទូរទស្សន៍ CCTV ឧបទ្ទវហេតុនោះ ក៏បានបង្ករបួសដល់មនុស្ស៣នាក់ផ្សេងទៀត ផងដែរ ខណៈវាបានកើតឡើង នៅភោជនីយដ្ឋានតូចមួយ កាលពីវេលាម៉ោង ១២៖៤០នាទីថ្ងៃត្រង់ នៅទីក្រុង Changchun ដែលជារដ្ឋធានី នៃខេត្តជីលីន (Jilin)។
គួរបញ្ជាក់ថា អគ្គិភ័យខាងលើត្រូវបានពន្លត់ទៅវិញ នៅវេលាម៉ោងខ្ទង់ ៣៖០០នាទីរសៀល ខណៈមូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត ហើយអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅទទួលការព្យាបាល នៅឯមន្ទីរពេទ្យ៕