(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានសរសេរបុព្វកថាសម្រាប់ «កម្រងសៀវភៅអំពីការស្តារភាពរុងរឿង ឡើងវិញ» ក្រោមចំណងជើងថា «ឈានទៅមុខដោយម៉ឺងម៉ាត់ តាមមាគ៌ាស្តារភាពរុងរឿងឡើងវិញ»

លោក Xi Jinping បានលើកឡើងថា ការរៀបរៀងអត្ថបទសំខាន់ៗ តាក់តែងវចនានុក្រមប្រវត្តិសាស្ត្រ ថែរក្សាប្រវត្តិសាស្ត្រ ដើម្បីលើកទឹកចិត្តមនុស្សជំនាន់ក្រោយ ក្នុងគោលបំណងអប់រំនិងដាស់តឿនមនុស្សជំនាន់នីមួយៗ គឺជាប្រពៃណីរបស់ប្រជាជាតិចិន ដែលបានបន្តរាប់ពាន់ឆ្នាំមកហើយ។ ការរៀបចំ «កម្រងសៀវភៅអំពីការស្តារភាពរុងរឿងឡើងវិញ» ជាគំរោងវប្បធម៌សំខាន់ដែលអនុម័តដោយមជ្ឈិមបក្ស។

លោកបានគូសបញ្ជាក់ថា ប្រជាជាតិចិនបានរួមចំណែកសំខាន់ ដែលមិនអាចលុបបំបាត់បានក្នុងដំណើរវិវឌ្ឍរីកចម្រើន នៃអរិយធម៌មនុស្សជាតិ។ តាំងពីសម័យទំនើបមក ប្រជាជាតិចិនបានរងទុក្ខលំបាកវេទនាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ បន្ទាប់ពីបានបង្កើតឡើង បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនធ្វើការខិតខំតស៊ូនិងប្រយុទ្ធ រហូតដល់រកឃើញមាគ៌ាត្រឹមត្រូវ ដើម្បីសម្រេចការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ។

ប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយ ហើយក៏នឹងបន្តបញ្ជាក់ទៀតថា ក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តចិន យើងប្រកាន់ខ្ជាប់ការណែនាំពីទ្រឹស្តីវិទ្យាសាស្ត្រ និងតាមមាគ៌ាដ៏ត្រឹមត្រូវ បូករួមទាំងកម្លាំងសាមគ្គីរបស់ប្រជាជនរាប់រយលាននាក់ ប្រជាជនចិនអាចក្តាប់ជាប់ជោគវាសនា នៃការអភិវឌ្ឍនៃប្រទេសជាតិក្នុងដៃរបស់ខ្លួនយ៉ាងរឹងមាំ ប្រវត្តិសាស្ត្រជាសៀវភៅមេរៀនដ៏ល្អបំផុត។

បច្ចុប្បន្ន ស្ថានការណ៍សកលលោកកាន់តែប្រែប្រួលយ៉ាងខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈមួយរយឆ្នាំកន្លងមក ខណៈការស្តារភាពរុងរឿងនៃប្រជាជាតិចិនក៏ចូលដល់ដំណាក់កាលគន្លឹះដែរ យើងត្រូវចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ប្រមូលផ្តុំកម្លាំងនិងស្មារតី បន្តបោះជំហានទៅមុខយ៉ាងមុតមាំ។

សូមបញ្ជាក់ថា «កម្រងសៀវភៅអំពីការស្តារភាពរុងរឿងឡើងវិញ» សរុបមាន៥វគ្គ បានជ្រើសរើសឯកសារសំខាន់ៗ ស្តីពីការស្តារប្រជាជាតិចិនឡើងវិញ ចាប់ពីឆ្នាំ១៨៤០ដែលជាខណៈពេលផ្ទុះសង្គ្រាមអាភៀនមក ដែលបានបង្ហាញជាទូទៅនូវសមិទ្ធផល នៃគំនិតដែលបានជះឥទ្ធិពលដល់ការអភិវឌ្ឍនៃប្រទេសចិន សៀវភៅវគ្គទីមួយដល់វគ្គទីបីចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា៕

វិទ្យុមិត្តភាពកម្ពុជាចិន