(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក ប៊ីឡាវ៉ាល ប៊ូតតូ ហ្សាដារី (Bilawal Bhutto Zardari) ចង់ឲ្យពិភពលោកធ្វើប្រាស្រ័យទាក់ទងជាមួយក្រុមតាលីបង់ ដោយព្រមានពីផលវិបាកដ៏គ្រោះថ្នាក់ ប្រសិនបើក្រុមនេះ ដែលបច្ចុប្បន្នកំពុងដឹកនាំអាហ្វហ្កានីស្ថាន ត្រូវប្រឈមនឹងភាពឯកោម្តងទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍មួយជាមួយ AFP កំលុងពេលនៃដំណើរទស្សនកិច្ចក្នុងទីក្រុងវ៉ាស៉ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ហ្សាដារី (Bilawal Bhutto Zardari) បានព្រមានប្រឆាំងនឹងការបង្កើត «អភិបាលកិច្ចស្របគ្នា» បន្ទាប់ពីសហរដ្ឋអាមេរិកដែលមិនជឿទុកចិត្តលើ ក្រុមតាលីបង់ បានដាក់ទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់អាហ្វហ្កានីស្ថាន ទៅក្នុងមូលនិធិមួយនៅប្រទេសស្វីស។
លោក ហ្សាដារី បានគូសបញ្ជាក់ថា «យើងបានរៀនពីអតីតកាលថា នៅពេលយើងបែរខ្នងដើរចេញពីបញ្ហា នោះយើងបានបង្កើតផលវិបាកដោយអចេតនា និងបញ្ហាច្រើនទៀតសម្រាប់ខ្លួនយើង។ ខ្ញុំជឿថាក្តីបារម្ភរបស់យើង អំពីការដួលរលំផ្នែកសេដ្ឋកិច្ច លំហូរជនភៀសខ្លួន ការគំរាមកំហែងនៃការចាប់កំណើតក្រុមភេរវកម្មថ្មីៗ ដូចជា ISIS-K និងក្រុមផ្សេងៗទៀតនោះ គឺមានទម្ងន់លើសការព្រួយបារម្ភ ដែលអាចនឹងមានអំពីស្ថាប័នហិរញ្ញវត្ថុរបស់ពួកគេទៅទៀត»។
គួរបញ្ជាក់ថា ក្រុមតាលីបង់ បានត្រលប់មកកាន់អំណាចក្នុងប្រទេសអាហ្វហ្កានីស្ថានវិញ កាលពីឆ្នាំ២០២១ ក្រោយពីសហរដ្ឋអាមេរិកបានបញ្ចប់ សង្រ្គាមរយៈពេល ២ទសវត្សរ៍របស់ខ្លួន នៅទីនោះ។ រី ឯប៉ាគីស្ថាន ដែលមានយោធា និងភ្នាក់ងារចារកម្មដ៏មានឥទ្ធិពល បានរងការចោទប្រកាន់ពីទីក្រុងវ៉ាស៉ីនតោន ថាបានលួចចិញ្ចឹមក្រុមភេរវករបណ្តើរ និងជួយផ្តល់ការសម្របសម្រួលផ្នែកឡូជីស្ទីគ ដល់កងទ័ពអាមេរិកបណ្តើរ៕