(ប៉េកាំង)៖ ក្នុងរដូវរំហើយរបស់ប្រទេសចិនជារៀងរាល់ឆ្នាំ វាលស្រែស្រូវទុំពណ៌មាសលាតសន្ធឹងរាប់លានហិកតា ចោលក្លិនក្រអូបនៃគ្រាប់ធញ្ញជាតិដ៏គួរជាទាក់ចិត្ត បន្លែផ្លែឈើគ្រប់មុខប្រជែងគ្នាលូតលាស់និងហុចផលជាបន្តបន្ទាប់ ។ សុភាសិតចិនពោលថា «តស៊ូម្តង បានផលម្តង» នេះជាខណៈពេលដ៏សប្បាយរីករាយបំផុតរបស់ប្រជាកសិករចិន ព្រោះថាការចំណាយកម្លាំងញើសឈាមខិតខំដាំដុះ និងថែទាំអស់រយៈពេលជិតកន្លះឆ្នាំបាន និងកំពុងហុចផលមកវិញជាបន្តបន្ទាប់។
ចាប់ពីពេលធ្វើយន្តូបនីយកម្មមក ការប្រមូលផលដំណាំជាច្រើនប្រភេទរបស់ប្រជាកសិករចិនបានចំណាយពេលតិច ចំណាយកម្លាំងតិច តែបានផលលឿន។ ដំណាំស្បៀងនិងបន្លែផ្លែឈើត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារទូទាំងប្រទេសជាបន្តបន្ទាប់ ដែលធានាបាននូវការផ្គត់ផ្គង់តាមតម្រូវការ។
ស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាក់ផ្គង់ផ្គត់របស់ប្រទេសចិន បានលំនឹងតម្លៃទំនិញក្នុងចន្លោះសមរម្យ និងទប់ស្កាត់ការកើនឡើងខ្លាំង នៃអតិផរណា ហើយតាមការប៉ាន់ប្រមាណ ទិន្នផលស្បៀងក្នុងឆ្នាំនេះនឹងរក្សាក្នុងបរិមាណលើសពី ០,៦៥ ទ្រីលានគីឡូក្រាម ដែលអាចបំពេញតាមតម្រូវការក្នុងស្រុកនិងការនាំចេញ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា «ឆ្នាំងបាយ» ដែលស្ថិតនៅក្នុងដៃខ្លួនឯង ទើបជារបស់ខ្លួនពិតៗ។ បច្ចុប្បន្ន ឃ្លាំងស្តុកស្បៀងរបស់ប្រទេសចិន មានចំណុះសរុបលើសពី ៦,៥ រយលានតោន បច្ចេកទេសនៃការស្តុកស្បៀង មានកម្រិតជឿនលឿនបង្គួរ នៅលើពិភពលោក ហើយបរិមាណស្បៀងសំខាន់ពីរមុខ ដែលស្តុកក្នុងឃ្លាំងគឺអង្ករនិងស្រូវសាលី គឺលើសពីតម្រូវការពេញមួយឆ្នាំ។
ប្រជាកសិករជាមូលដ្ឋានគ្រឹះ នៃសន្តិសុខស្បៀងរបស់ប្រទេសជាតិ អាស្រ័យហេតុនេះ បក្សនិងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការងារ«កសិកម្ម ជនបទ និងកសិករ»។ ពិសេសនៅចុងឆ្នាំ ២០២០ ប្រទេសចិនបានសម្រេច «គោលដៅមួយសតវត្សរ៍» ទីមួយរបស់ខ្លួន ពោលគឺក្នុងឱកាសគម្រប់ខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន នឹងជួយឱ្យពលរដ្ឋក្រីក្រទាំងអស់ចេញផុតពីភាពក្រីក្រ។
សមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ ទទួលបានដោយមិនងាយទេ ឯការថែរក្សាសមិទ្ធផលជារឿងកាន់តែលំបាកទៅទៀត។ សុភាសិតចិនមួយឃ្លាពោលថា «ស្បៀងអាហារជាឫសគល់ នៃការរស់រានមានជីវិតរបស់ប្រជាជន» ជាការពិតណាស់ ប្រជាជនមានស្បៀងអាហារគ្រប់គ្រាន់ ទើបអាចប្រកបការងារនិងរស់នៅដោយទឹកចិត្តសប្បាយរីករាយ ហើយប្រទេសជាតិទើបមានស្ថិរភាព។ អ្វីដែលគួររំលឹកគឺថាចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក ប្រទេសមួយចំនួនបានដាក់ចេញ វិធានការរឹតត្បិត ការនាំចេញស្បៀងនិងផលិតផលកសិកម្ម ដែលជះឥទ្ធិពលចំពោះសន្តិសុខស្បៀងក្នុងតំបន់និងពិភពលោក។
ក្រៅពីនេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញ និងការកើនឡើងនៃអតិផរណាបាននិងកំពុងបណ្តាលឱ្យ ប្រទេសមួយចំនួនប្រឈមនឹងវិបត្តិស្បៀងអាហារ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្ទាន់ ពុំនោះសោតនឹងមិនងាយឆ្លងផុតវិបត្តិផ្ទួនៗដ៏កម្រនេះឡើយ។
ក្នុងន័យប្រកាន់ខ្ជាប់និងគាំទ្រចំពោះពហុភាគីនិយម និងគំនិតផ្តួចផ្តើមស្តីពីពិភពលោកជាសហគមន៍រួមវាសនាតែមួយ ប្រទេសចិនបានដាក់ចេញវិធានការជាច្រើន ដើម្បីគាំពារសន្តិសុខស្បៀងរបស់ខ្លួនផង និងរួមចំណែកដល់ការគាំពារសន្តិសុខស្បៀង ជាសកលផង ដូចជាការជំរុញយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្នែកវិស័យកសិកម្ម ការជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យលើកកម្ពស់ ផលិតកម្មកសិកម្មនិងកម្រិតសន្តិសុខស្បៀង ក៏ដូចជាបានឧបត្ថម្ភថវិកាច្រើនបំផុតសម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ។
កាលពីឆ្នាំ២០២១ បរិមាណស្បៀងគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ របស់ប្រទេសចិនគឺ ៤៨៣ គីឡូក្រាម ដែលជាតួលេខលើសពីស្តង់ដាសុវត្ថិភាពរបស់ពិភពលោកយ៉ាងច្រើន។ ផ្អែកលើធនធានរបស់ខ្លួន ប្រទេសចិនបានដោះស្រាយបញ្ហាហូបចុក របស់ប្រជាជនចំនួន ១ភាគ ៥ នៃពិភពលោក ដែលជាការរួមចំណែកយ៉ាងសំខាន់ ចំពោះសន្តិសុខស្បៀងរបស់ពិភពលោក។
សុភមង្គលកើតចេញពីការតស៊ូ ថ្នាក់ដឹកនាំចិនតែងលើកឡើងថា «តើប្រជាជនមានជីវភាពល្អឬមិនល្អ ត្រូវមើលថាតើប្រជាជនមានទឹកមុខញញឹម ដោយក្តីពេញចិត្តឬអត់»។ ជាការពិតណាស់ ការធ្វើឱ្យប្រជាជន ជាពិសេសគឺប្រជាកសិករមានទឹកមុខញញឹម ប្រកបដោយសុភមង្គលជាទិសដៅការងារសំខាន់បំផុតមួយ របស់រដ្ឋាភិបាលចិន ហើយទិន្នផលដំណាំកសិផលដែលស្តុកពេញឃ្លាំង គឺជាការធានាយ៉ាងប្រចក្សចំពោះ «ឆ្នាំងបាយ» និងសន្តិសុខស្បៀងរបស់ប្រជាជនចិន និងជាការរួមចំណែកដល់ការថែរក្សាសន្តិសុខស្បៀងពិភពលោក៕
អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន