(អុននៀរ៉ា)៖ ប្រទេសដីកោះសូឡូម៉ុន (Solomon) បានប្រាប់ដល់បណ្តាមេដឹកនាំនៃប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ដែលត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនៅឯសេតវិមាន ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថាខ្លួននឹងមិនចុះហត្ថលេខាលើ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលនេះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមកំណត់ហេតុមួយដែល Reuters ទទួលបាន គឺប្រហែលដោយសារការព្រួយបារម្ភ អំពីទំនាក់ទំនងរវាងដែនកោះនេះ ជាមួយប្រទេសចិន សូឡូម៉ុន ដែលមានកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងប៉េកាំងស្រាប់នោះ បានសរសេរលិខិតមួយផ្ញើទៅកាន់ វេទិកាកោះប៉ាស៉ីហ្វិក ហើយបានប្រាប់សមាជិកប្រទេសផ្សេងទៀតថា ខ្លួននឹងមិនចុះហត្ថលេខាលើសេចក្តីប្រកាស ស្តីពីភាពជាដៃគូអាមេរិក-ប៉ាស៉ីហ្វិក ក្រោយបញ្ចប់កិច្ចពិភាក្សានៅថ្ងៃទី២៩ ខែកញ្ញា នេះទេ ហើយត្រូវការពេលវេលាបន្ថែមទៀតសម្រាប់សភា ដើម្បីធ្វើការពិចារណា។
គួរបញ្ជាក់ថា បណ្តាមេដឹកនាំមកពីប្លុកកោះប៉ាស៊ីហ្វិក ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល នៅសេតវិមាន រយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃពុធនេះ ដោយរដ្ឋបាលរបស់លោក បៃដិន កំពុងស្វែងរកការប្រកួតប្រជែងឥទ្ធិពលជាមួយប្រទេសចិន នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់៕