(រ៉ូម)៖ មេដឹកនាំក្រុមអ្នកជាតិនិយមលោកស្រី ជកយ៉ា មេឡូនី (Giorgia Meloni) ដែលត្រៀមក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសអ៊ីតាលី បានសន្យាគាំទ្រយ៉ាងពេញទំហឹងចំពោះទីក្រុងកៀវ បន្ទាប់ពីទទួលបានការអបអរសាទរ ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចំពោះជោគជ័យក្នុងការបោះឆ្នោតរបស់លោកស្រី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
មួយថ្ងៃបន្ទាប់ពី លោកស្រី មេឡូនី និងគណបក្សស្តាំនិយមជ្រុលរបស់លោកស្រី ឈ្នះសំឡេងភាគច្រើនក្នុងសភា លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញ Twitter កាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោកកំពុងទន្ទឹងរងចាំ កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយរដ្ឋាភិបាលថ្មី។ ចំណែក លោកស្រី មេឡូនី បានឆ្លើយតបវិញយ៉ាងដូច្នេះថា «ហ្សេលេនស្គី, លោកដឹងហើយថា លោកនៅតែអាចបន្តពឹងផ្អែកលើ ការគាំទ្រដ៏ស្មោះត្រង់របស់យើង សម្រាប់បុព្វហេតុនៃសិទ្ធិសេរីភាពរបស់ប្រជាជនអ៊ុយក្រែន។ សូមបន្តខំប្រឹងប្រែង និងរក្សាការជឿជាក់ឱ្យបានរឹងមាំ»។
គួរបញ្ជាក់ លោកស្រី មេឡូនី គឺជាមេដឹកនាំនយោបាយអ៉ីតាលីមួយរូប ក្នុងចំណោមមេដឹកនាំនយោបាយផ្សេងទៀត ដែលគាំទ្រអ៊ុយក្រែនអស់ពីចិត្ត ចំពោះការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីអ៉ីតាលី ដែលត្រូវចប់អាណត្តិ គឺលោក ម៉ារីយ៉ូ ដ្រាហ្រ្គី បើទោះបីជាលោកស្រី នៅក្រុមប្រឆាំងនឹងរដ្ឋាភិបាលលោកក៏ដោយ៕