Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិង្ហបុរីចល័តយន្តហោះចម្បាំង អមយន្តហោះដឹកអ្នកដំណើរមួយ១គ្រឿង ក្រោយមានការភូតកុហកអំពីគ្រាប់បែក (Video inside)

28-09-2022 14:04

(សិង្ហបុរី)៖ នៅថ្ងៃពុធនេះ ក្រុមយន្តហោះចម្បាំងរបស់ប្រទេសសិង្ហបុរី ត្រូវបានចល័តឱ្យហោះអមដំណើរ យន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បន្ទាប់ពីអ្នកដំណើរម្នាក់បាននិយាយកុហក អំពីការគំរាមកំហែងដោយគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងការពារជាតិសិង្ហបុរីបានឱ្យដឹងថា យន្តហោះ Singapore Airlines មួយគ្រឿងនោះ ត្រូវបានក្រុមយន្តហោះចម្បាំងហោះអម ឱ្យទៅចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ ឆាងហ្គី (Changi)។ បុរសជាអ្នកដំណើរម្នាក់ មានវ័យ៣៧ឆ្នាំ ដែលបានឡើងជិះ ជើងយន្តហោះខាងលើ ពីទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូនៃសហរដ្ឋអាមេរិក បានអះអាងថា វ៉ាលីរបស់លោកមានផ្ទុកគ្រាប់បែកក្នុងនោះ។

គួរបញ្ជាក់ថា ក្រោយការអះអាងរបស់បុរសខាងលើ ការគំរាមកំហែងពីគ្រាប់បែកនោះ ត្រូវបានរកឃើញថា តាមពិតគឺជារឿងភូតកុហក ហើយជនសង្ស័យក៏ត្រូវបានចាប់ខ្លួន ខណៈប៉ូលិសកំពុងបន្តការស៉ើបអង្កេត។ យោងតាមអ្នកនាំពាក្យអាកាសចរណ៍ Singapore Airlines អ្នកដំណើរទាំងអស់ព្រមទាំងក្រុមបុគ្គលិកយន្តហោះ បានចាកចេញពីយន្តហោះជាធម្មតា៕