(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំមកពីបណ្តាប្រទេសដែនកោះក្នុងតំបន់ប៉ាស៉ីហ្វិក ក្នុងសប្តាហ៍នេះ ខណៈសេតវិមាន កំពុងរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំថ្នាក់តំបន់លើកដំបូង នៅទីក្រុងវ៉ាស៉ីនតោន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងតំបន់នេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
អ្នកសម្របសម្រួលប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក ឃើត ខាំប៊ែល (Kurt Campbell) បានប្រាប់ទូរទស្សន៍ ABC របស់ប្រទេសអូស្ត្រាលីនាពេលថ្មីៗនេះថា កិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី២៨ ខែកញ្ញា ហើយគោលដៅនៃកិច្ចប្រជុំកំពូល គឺមិនមែនគ្រាន់តែដើម្បីស្តាប់សុន្ទរកថារបស់មេដឹកនាំ ប្រទេសតំបន់ប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែដើម្បីប្រមូលយកប្រធានបទដ៏មានប្រយោជន៍មកដាក់លើតុពិភាក្សារួមគ្នា។
លោក ខាំប៊ែល បានបន្ថែមថា «យើងមិនធ្លាប់បានអញ្ជើញមេដឹកនាំនៃប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក មកកាន់សេតវិមានពីមុនមកឡើយ ហើយវាមិនមែនគ្រាន់តែជា ជំនួបប្រជុំមួយ ឬពីរនោះទេ។ តែនេះជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព ដែលនឹងចូលរួមស្ទើរតែគ្រប់តួអង្គសំខាន់ៗនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងផ្តល់ផលប្រយោជន៍ក្នុងឥណ្ឌូប៉ាស៊ីហ្វិកថែមទៀត»។
គួរបញ្ជាក់ថា ផែនការនៃកិច្ចប្រជុំរវាងលោក ចូ បៃដិន ជាមួយមេដឹកនាំប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិកខាងលើនេះ ត្រូវបានប្រកាសកាលពីខែមិថុនាកន្លងទៅ មិនយូរ ប៉ុន្មានឡើយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៨ នៅតំបន់ប៉ាស៊ីហ្វិកដែលមានរយៈពេល ១០ថ្ងៃ៕