(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ត្រូវបានគេរំពឹថានឹងថ្លែងសុន្ទរកថាបង្ហាញការប្រឆាំងទៅនឹងសកម្មភាព របស់ចិន ចំពោះកោះតៃវ៉ាន់ កំលុងពេលលោកស្រី ជួបសំណេះសំណាលជាមួយក្រុមនាវិកអាមេរិក ដែលកំពុងបម្រើការនៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចនៅឯបញ្ជាការដ្ឋានកងទ័ពជើងទឹកអាមេរិក យ៉ូកូស៊ូកា (Yokosuka) ក្នុងប្រទេសជប៉ុន លោកស្រី ហារីស នឹងជួបជាមួយបុគ្គលិកយោធា និងស៉ីវិលអាមេរិក ចំនួន ២៤,០០០នាក់។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកមួយរូបសុំមិនបញ្ចេញអត្តសញ្ញាណ បានគូសបញ្ជាក់ថា «លោកស្រី ហារីស ក៏នឹងលើកឡើងដែរពីបញ្ហាគំរាមកំហែងចំពោះសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ និងរបៀបវារៈដែលលោកស្រីកំពុងមើលឃើញ រួមទាំងការបង្កហេតុថ្មីៗនៅឯច្រកសមុទ្រតៃវ៉ាន់។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស មកកាន់តំបន់អាស៉ីខាងកើតបានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីមន្រ្តីចិនបានរិះគន់ការប្តេជ្ញារបស់លោក ចូ បៃដិន ក្នុងការការពារកោះតៃវ៉ាន់៕