(ឡាហាវ៉ាន)៖ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសគុយបា បានជាប់គាំងមិនដំណើរការកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដោយបណ្ដាលឱ្យប្រទេសទាំងមូលដាច់ ចរន្តអគ្គិសនីទូទាំងប្រទេសជាបណ្ដោះអាសន្ន បន្ទាប់ពីរងការវាយប្រហារដោយព្យុះហឺរីខិន អ៉ីអេន (Hurricane Ian)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ឡាហ្សារ៉ូ ហ្គែររ៉ា (Lazaro Guerra) ជានាយកបច្ចេកទេសនៃក្រុមហ៊ុន Electric Union of Cuba បានឱ្យដឹងថាបញ្ហាគាំងដំណើរការនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី គឺបង្កឡើយដោយព្យុះហឺរីខិន អ៉ីអេន ដែលបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គីសនី។ លោក ឡាហ្សារ៉ូ បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនីកំពុងដំណើរការនៅក្រោមលក្ខខណ្ឌដ៏ស្មុគស្មាញ ក្រោយរងការវាយប្រហារដោយព្យុះហឺរីខិន អ៉ីអេន...ហើយបច្ចុប្បន្នមានការដាច់ចរន្តអគ្គិសនីនៅតាមផ្នែក ជាច្រើននៃប្រទេស»។ លោកបន្ថែមថា ក្រុមហ៊ុនកំពុងប្រឹងប្រែងដោះស្រាយបញ្ហា ដើម្បីអាចផ្គត់ផ្គង់អគ្គិសនីឡើងវិញបានឱ្យលឿនតាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា ព្យុះហឺរីខិន អ៉ីអេនដែលជាព្យុះហឺរីខិន កម្រិតទី៣ ត្រូវបានគេរំពឹងថានឹងបក់បោកក្នុងល្បឿនខ្យល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកជាមួយ នៅភ្លៀងធ្លាក់ខ្លាំងផងដែរ ទៅកាន់តំបន់ Tampa នៃឈូងសមុទ្ររដ្ឋផ្ល័រីដា នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕