(ហាណូយ)៖ វៀតណាម នៅថ្ងៃពុធនេះបានបន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកនៅត្រឹមជាព្យុះត្រូពិកវិញ ប៉ុន្តែបានព្រមានឱ្យប្រជាជននៅតែបន្តការប្រុងប្រយ័ត្ន ខ្ពស់ជានិច្ច ចំពោះហានិភ័យនៃគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ព្យុះទីហ្វុង Noru បានវាយប្រហារលើខេត្ត កាងណាំ (Quang Nam) ជាមួយល្បឿនខ្យល់បក់ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃអង្គារ ឈានចូល ថ្ងៃពុធនេះ។

ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ជនរងគ្រោះណាមួយនៅឡើយទេ ប៉ុន្តែរូបភាពជាច្រើនត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីដើមឈើ ជាច្រើនដើមដួលរលំ និងល្បាប់ភក់នៅពាសពេញផ្លូវថ្នល់។ មុនបក់បោកមកដល់វៀតណាម ព្យុះទីហ្វុង Noru គឺជាព្យុះដ៏កំណាចមួយដែលបានវាយប្រហារលើ ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២២នេះ ដោយផ្ដាច់ជីវិតមនុស្ស ៨នាក់ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ៕