(មូស្គូ)៖ ក្រុមមន្ត្រីលើកបន្តុបដោយទីក្រុងមូស្គូ ក្នុងតំបន់ចំនួន៤ នៃប្រទេសអ៊ុយក្រែនបានប្រកាសពីជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រជាមតិ ដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៉ី ខណៈសហរដ្ឋអាមេរិកគ្រោងនឹងជំរុញឱ្យមានការអនុម័តលើដំណោះស្រាយ UN ថ្កោលទោសការបោះឆ្នោតប្រជាមតិ មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ការបោះឆ្នោតប្រជាមតិ ត្រូវបានធ្វើឡើងនៅក្នុងតំបន់ចំនួន៤ របស់អ៊ុយក្រែន ដូចជា ដូណេត (Donetsk) លូហាន (Luhansk) ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhia) និងតំបន់ខឺសុន (Kherson) ហើយដែលតំបន់ទាំងនេះបូកបញ្ចូលគ្នាមានទំហំស្មើនឹង ១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងមូល។
ក្រុមមន្ត្រីក្នុងតំបន់លូហាន បានឱ្យដឹងថា ៩៨.៤ភាគរយនៃប្រជាជនរស់នៅក្នុងតំបន់មួយនេះបានបោះឆ្នោតគាំទ្រការចូលរួមជាមួយរុស្ស៉ី។ ចំណែកឯ នៅ តំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា ក្រុមមន្ត្រីរណបរុស្ស៉ីបានអះអាងថាប្រជាជន ៩៣.១ភាគរយបោះឆ្នោតគាំទ្រ ស្របពេលនៅតំបន់ខឺសុន មានប្រជាជនជាង ៨៧ភាគរយគាំទ្រ ហើយនៅតំបន់ដូណេត មានប្រជាជនដល់ទៅ ៩៩.២ភាគរយឯណោះបានបោះឆ្នោតគាំទ្រចួលរួមជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីរណបរុស្ស៉ី សន្លឹកឆ្នោតប្រជាមតិទាំងអស់នៅក្នុងតំបន់ចំនួន៤ខាងលើត្រូវបានរាប់រួចរាល់ហើយ រីឯលោក វ្ល៉ាឌីមៀ ពូទីន ត្រូវ បានគេរំពឹងថានឹងប្រកាសបញ្ចូលទឹកដីទាំងទៅក្នុងឧបសម្ព័ន្ធរុស្ស៉ី នាឱកាសថ្លែងសុន្ទរកថាសម័យប្រជុំពេញអង្គនៃសភារុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ៕