(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញប្រទេសប៉ាគីស្ថាន ឲ្យស្នើសុំការបន្ធូរបន្ថយបំណុលពីដៃគូជិតស្និទ្ធរបស់ខ្លួន គឺប្រទេសចិន បន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញប្រទេសអាស៊ីខាងត្បូងមួយនេះយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។

លោក Blinken បានសន្យាថា សហរដ្ឋអាមេរិកនឹងជួយដល់ប្រទេសប៉ាគីស្ថាន នៅពេលដែលប្រទេសនេះរាំងស្ងួតពីទឹកជំនន់ ដែលបានគ្របដណ្តប់ ១ភាគ៣ នៃផ្ទៃប្រទេស ដែលជាផ្ទៃដីទំហំប៉ុនចក្រភពអង់គ្លេស។

បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន លោក Blinken បាននិយាយប្រាប់សមភាគី លោក Bilawal Bhutto Zardari យ៉ាងដូច្នេះថា «យើងកំពុងផ្ញើសារសាមញ្ញមួយ។ យើងនៅទីនេះគំាទ្រប្រទេសប៉ាគីស្ថាន ដូចអ្វីដែលយើងធ្លាប់ធ្វើវានៅក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិកន្លងមក ហើយយើងកំពុងទន្ទឹងរង់ចាំការកសាងឡើងវិញ»។

លោក Blinken បានបន្តថា «ខ្ញុំក៏ជំរុញសហការីរបស់យើងឱ្យស្នើសុំប្រទេសចិន ចូលរួមលើបញ្ហាសំខាន់ៗមួយចំនួនផងដែរ ដូចជាការបន្ធូរបន្ថយបំណុល និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីឱ្យប៉ាគីស្ថានអាចងើបឡើងវិញបានយ៉ាងឆាប់រហ័សពីទឹកជំនន់»។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់របស់ប៉ាគីស្ថាន ដោយកំពុងជំរុញឆ្ពោះទៅមុខជាមួយនឹងគម្រោង «ច្រករបៀងសេដ្ឋកិច្ច» ក្នុងតម្លៃ ៥៤ពាន់លានដុល្លារ ដែលនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ឱ្យទីក្រុងប៉េកាំងចូលទៅកាន់មហាសមុទ្រឥណ្ឌា។

កាលពីពេលថ្មីៗនេះ ប៉ាគីស្ថានបានជួបប្រទះគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ដែលបានជន់លិច ១ភាគ៣ នៃផ្ទៃប្រទេស និងបណ្តាលឲ្យមនុស្សជាង ១,៦០០នាក់ស្លាប់ ខណៈប្រជាជនជាង ៧លាននាក់ត្រូវភៀសខ្លួន៕