(មូស្គូ)៖ ការប្រើសម្តីព្រមាននិងគំរាមប្រើអាវុធនុយក្លេអ៊ែ័ររបស់មេដឹកនាំរុស្ស៊ីក្នុងការប្តេជ្ញាការពារទឹកដី ក្នុងរង្វង់ការគ្រប់គ្រងនិងកាន់កាប់របស់រុស្ស៊នាភាគខាងកើត អ៊ុយក្រែននោះ បានធ្វើឱ្យសាធារណៈមតិអាមេរិកមានការព្រួយបារម្ភ។ ប៉ុន្មានថ្ងៃនេះ សារព័ត៌មានអាមេរិកក្នុងស្រុកបានផ្តោតជាខ្លាំងលើសម្តីរបស់លោក វ្ល៉ាឌីមៀ ពូទីន នៃជម្រើសបើអាវុធនុយក្លេអ៊ែ័រដើម្បីការពារទឹកដីដែលរុស្ស៊ីគ្រប់គ្រង, ហើយបើសិនជាសង្គ្រាមអ៊ុយក្រែនបានពង្រីកដល់ការប្រើអាវុធនុយក្លេអ៊ែរមែននោះ សង្គ្រាមដ៏ធំមួយដែលអាចឈានដល់សង្គ្រាមលោកលើកទី៣ នឹងធ្វើឱ្យពិភពលោករងវិនាសអន្តរាយធំជាមិនខានឡើយ។
តាមពិតប្រទេសមហាអំណាចក្នុងពិភពលោកហាក់បីដូចជាកំពុងត្រៀមខ្លួនរួចទៅហើយ ខណៈដែលរុស្ស៊ីបានប្រកាសជ្រើសយកផ្លូវដើរដ៏ខ្លីដើម្បីការប្រញាប់បញ្ចប់ សង្គ្រាម។ ជម្រើសនោះ គឺការបញ្ជួនទ័ពមួយផ្នែក៣០ម៉ឺននាក់ទៅសមរភូមិមុខផង និងការត្រៀមប្រើអាវុធប្រល័យលោកផង ដែលមេដឹកនាំរុស្ស៊ីបញ្ជាក់ថាគឺជាជម្រើស នៃផ្លូវដើរតែមួយគត់ដែលមិនអាចដើរបកក្រោយវិញបានឡើយ។ ថ្ងៃទី២៧កញ្ញានេះ គឺជាថ្ងៃចុងក្រោយហើយ ដែលទឹកដីនៃតំបន់ក្នុងខេត្តលូហានស៍, ខេត្តដូណេតស៍, តំបន់Kherson និងនៅហ្សាប៉ូរីហ្សៀ ដែលមានទំហំសារុបប្រមាណ១៥ភាគ រយនៃទឹកដីអ៊ុយក្រែនទាំងមួល ឬស្មើនឹងទំហំនៃទឹកដីប្រទេសហុងគ្រីនោះនឹងក្លាយជាទឹកដី ក្រោមរង្វង់គ្រប់គ្រងរបស់រុស្ស៊ី ផ្អែកតាមការធ្វើប្រជាមតិរយៈពេល ៥ថ្ងៃកន្លងមកនេះ។
រុស្ស៊ីនឹងអាចប្រើសមត្ថភាពកងកម្លាំងរបស់ខ្លួនពេញលេញជាមួយនឹងការប្រើអាវុធចម្រុះរួម ទាំងអាវុធនុយក្លេអ៊ែរផង ដើម្បីការការពារទឹកដីទាំងឡាយដែល ស្ថិតក្រោមរង្វង់ការគ្រប់គ្រងរបស់រុស្ស៊ី។ ប៉ុន្តែ សហរដ្ឋអាមេរិកដែលចំណាយថវិការាប់ពាន់លានដុល្លារជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី បានព្រមានថាបើសិនជារុស្ស៊ីហ៊ាន ប្រើអាវុធប្រល័យលោកមែននោះ រុស្ស៊ីនឹងប្រឈមនូវផលវិបាកធ្ងន់ធ្ងរ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jakes Sullivan បានថ្លែងព្រមានរុស្ស៊ីតាមរយៈកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC អាមេរិកក្នុងកម្មវិធី Meet the Press ថា ប្រសិនណាបើរុស្ស៊ីហ៊ានតែឆ្លងនូវបន្ទាត់ក្រហមនោះមែន វានឹងមានផលវិបាកធ្ងន់ធ្ងរដែលនឹងកើតឡើងចំពោះរុស្ស៊ី។ លោកថ្លែងបន្តថាសហរដ្ឋអាមេរិក នឹងធ្វើការឆ្លើយតបទៅវិញចំពោះទង្វើដែលរុស្ស៊ីនឹងធ្វើមកនោះ។ លោកបន្តថារុស្ស៊ីត្រូវតែដឹងថាតើសហរដ្ឋអាមេរិកនឹងត្រូវធ្វើអ្វីដើម្បីតបតចំពោះសកម្មភាពរបស់ខ្លួន ដែលប្រើអាវុធតាក់ទិកនុយក្លេអ៊ែរលើទឹកដីអ៊ុយក្រែនមែននោះ ពីព្រោះសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់រុស្ស៊ីរួចមកហើយ។
វិមានក្រឹមឡាំងរបស់រុស្ស៊ីបាននិយាយថា គេបានធ្វើទំនាក់ទំនងខ្លះប្រាប់ទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជុំវិញបញ្ហារឿងអាវុធនុយក្លេអ៊ែរនោះផងដែរ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរដាច់ខាតការពារអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានបញ្ជាក់កាលពីថ្ងៃចន្ទបន្ថែមមក ទៀតថាផលវិបាកដែលរុស្ស៊ីនឹងប្រឈម គឺជាគ្រោះថ្នាក់ដ៏រន្ធត់ប្រសិនបើរុស្ស៊ីហ៊ានតែប្រើ អាវុធប្រល័យលោកក្នុងសង្គ្រាមភាគខាងកើតអ៊ុយក្រែនមែននោះ។
ទូរទស្សន៍អាមេរិកាំង CBS នៃកម្មវិធី 60 Minutes បានសួរទៅរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ថាតើពលរដ្ឋអាមេរិកគួរព្រួយបារម្ភដែរឬទេ អំពីក្តីបារម្ភដែលនឹង មានសង្គ្រាមនុយក្លេអ៊ែរ។ លោក Anthony Blinken បានប្រាប់ទូរទស្សន៍ CBS អាមេរិកថា គេបានឮច្រើនដងនូវសម្តីមិនទទួលខុសត្រូវធ្វើឡើង ដោយលោក ពូទីន ប៉ុន្តែលោកថាសហរដ្ឋអាមេរិកបានប្រមូលផ្តុំលើការគិតដោយច្បាស់លាស់ថាសហរដ្ឋអាមេរិកត្រូវតែមានការទទួលខុសត្រូវជាពិសេស នូវ អ្វីដែលនឹងកើតឡើង។
លោកបានបន្តថា ជាមួយនឹងសម្តីមិនទទួលខុសត្រូវនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ច្បាស់ហើយទៅកាន់ភាគីរុស្ស៊ីថា ត្រូវបញ្ឈប់ការនូវសម្តីមិនទទួលខុសត្រូវដែល និយាយអំពីរឿងបញ្ហានុយក្លេអ៊ែរនេះ។ កម្មវិធី 60 Minutes បានសួរទៅរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ទៀតថា ក្នុងទំនាក់ទំនងជាឯកជន, សហរដ្ឋអាមេរិកតែងបានធ្វើទំនាក់ទំនងគ្នាជាមួយនឹងរុស្ស៊ីពាក់ព័ន្ធការគំរាមកំហែងនូវអាវុធនុយក្លេអ៊ែ័រនេះ។ តើមែនដែរឬទេ? លោក Anthony Blinken បានឆ្លើយថា វាពិតមែនហើយ។ លោកបន្តថា វាមានសារៈសំខាន់ណាស់នៅពេលរុស្ស៊ីបានឮពីសហរដ្ឋអាមេរិក និងដឹងពីសហរដ្ឋអាមេរិកវិញថាផលវិបាកនៃការប្រើអាវុធនុយក្លេអ៊ែរ វានឹងធ្វើឱ្យភាពភ័យខ្លាចទៅវិញនោះទេ។ លោកថ្លែងថា ហើយសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ទៅរុស្ស៊ីរួចទៅវិញហើយនូវបញ្ហាដែលមានគ្រោះថ្នាក់នេះ។
កម្មវិធី 60 Minutes បានសួរទៅរដ្ឋមន្ត្រីការបរទេសអា មេរិកលោក Anthony Blinken បន្តទៀតថា លោកបានចាត់ទុកការជជែកលើបញ្ហានុយក្លេអ៊ែរ ថាជាការជជែកមិនទទួលខុសត្រូវ។ តើមេដឹកនាំរុស្ស៊ីនឹងប្រាប់មកអាមេរិកវិញយ៉ាងណា? ហើយរុស្ស៊ីនឹងធ្វើអ្វីប្រសិនណាបើរុស្ស៊ីនឹងស្ថិតក្នុងសភាពទ័លច្រក ដោយសារតែ នយោបាយមិនអាចដើរចេញពីនោះរួច? លោក Anthony Blinken ឆ្លើយបញ្ជាក់មកវិញថាលោកវ្លាឌីមៀរពូទីនមានវិធីច្បាស់លាស់របស់ លោកក្នុងច្រកចេញពីសង្គ្រាមដែលគាត់បានធ្វើ និងគាត់ត្រូវមានវិធីបញ្ចប់របស់វា។ លោក Anthony Blinken និយាយថា បើរុស្ស៊ីនឹងបញ្ចប់ការវាយប្រហាររបស់ខ្លួន, សង្គ្រាមនោះនឹង រលាយ, ប៉ុន្តែបើឱ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារវិញ នោះគឺអ៊ុយក្រែនទេដែលនឹងរលាយ ខ្លួនឯងនោះ។
កម្មវិធី 60 Minutes បានបន្តសំណួរទៅរដ្ឋមន្ត្រីការបរទេសអា មេរិកលោក Anthony Blinken បន្តទៀតថាតើមានអ្នកណាម្នាក់ក្នុងវិមានក្រឹមឡាំងរុស្ស៊ីដែលអាចប្រាប់ លោកវ្លាឌីមៀរពូទីន ឱ្យដឹងដើម្បីកុំឱ្យលោកពូទីននៅតែបន្តសម្រេចប្រើអាវុធនុយក្លេអ៊េ័រលើសមរភូមិបានទេ? លោក Anthony Blinken បានថ្លែងថារុស្ស៊ីមាន ខ្សែសង្វាក់បញ្ជាការដ្ឋានជាច្រើនដែលគេមិនដឹងថាតើនឹងអាចផ្តល់ដំណឹងនេះបានដល់លោកដែរឬយ៉ាងណាឡើយ។ គេនឹងរង់ចាំមើល។ លោក Anthony Blinken បានប្រាប់ទៅម្ចាស់សំណួរនៃកម្មវិធី 60 Minutes វិញថាប៉ុន្តែលោក បារម្ភខ្លាចក្រែងគ្មានអ្នកណាដែលហ៊ាននឹងនិយាយអំពីការពិតទាំងនេះឡើយ។
កាលពីសប្តាហ៍មុនអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដែលថ្លែងបង្ហាញថាយុទ្ធវិធីថ្មីរបស់រុស្ស៊ីវេលាចុងក្រោយនេះ គឺជាផ្លូវដែលរុស្ស៊ីជ្រើសរើសដើម្បី ការអាចការពារ ទឹកដីរបស់ខ្លួនបាន។ លោក Medvedev បានសរសេរគំរាមថា មីស៊ីលលឿនជាងសម្លេង Hypersonic របស់រុស្ស៊ីនឹងអាចបាញ់លឿនជាទីបំផុតទៅកាន់ គោលដៅនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។ លោក Medvedev បានសរសេរក្នុងបណ្តាញសង្គមប្រាប់ទៅលោកខាងលិចថា ក្រុមប្រទេស លោកខាងលិច និងអង្គការណាតូ ចាំបាច់ត្រូវតែយល់ថា «រុស្ស៊ីបាន ជ្រើសរើសយកផ្លូវនេ ដើរហើយ និងរុស្ស៊ីមិនមានផ្លូវត្រូវបកក្រោយទៀតនោះឡើយ»។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេដកស្រង់ពាក្យសម្តីដែលបញ្ជាក់សាជាថ្មីនូវជំហររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសង្គ្រាមប្រើអាវុធនុយក្លេអ៊ែរ។ លោក ចូ បៃដិន បានថ្លែងក្នុងសប្តាហ៍នេះថា សង្គ្រាមនុយក្លេអ៊េរកាលណាបានកើតឡើងហើយ គឺគ្មានអ្នកឈ្នះនោះទេ, ដូច្នេះគេមិនត្រូវឱ្យសង្គ្រាមនោះអាចកើតឡើង បានឡើយ។ សេចក្តីរាយការណ៍ពីអឺរ៉ុបនោះវិញ, ខណៈពេលដែលសង្គ្រាមបានឈានចូលដល់ថ្ងៃទី២១៦ និងទន្ទឹមនឹងមានសម្តីព្រមានការប្រើអាវុធនុយក្លេអ៊ែរ នៃជំរើសចាញ់ឈ្នះចុង ក្រោយនៃសង្គ្រាមនេះ, កងកម្លាំងរបស់អង្គការណាតូ ត្រូវគេរាយការណ៍ថាកំពុងធ្វើសមយុទ្ធនៅលើ និងក្បែរឈូងសមុទ្ទ Baltic។
សមាជិកនៃអង្គការសន្ធិសញ្ញាអត្លង់ទិកខាងជើង រួមមានអង់គ្លេស, អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី បានចូលរួមក្នុងសមយុទ្ធនេះ ដែលរួមមានទាំងនៅលើសមុទ្ទ និងលើដែនគោកផងទៀត។ នៅជាមួយគ្នានេះផងដែរ, សហរដ្ឋអាមេរិកបានបង្កើនថវិកា ៤៥៧លានកន្លះដល់អ៊ុយក្រែននៃជំនួយសន្តិសុខស៊ីវិល ចំណែកប្រទេសហូឡង់បានបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ ប្រធានាធិបតីហូឡង់លោក Mark Rutte បានប្រកាសការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីដែលជា ទណ្ឌកម្មប្រឆាំងចំពោះការធ្វើប្រជាមតិរបស់រុស្ស៊ី និងការបញ្ជួនទ័ពថ្មីនៅសមរភូមិ, ខណៈប្រទេសអង់គ្លេសបានប្រកាសទណ្ឌកម្មថ្មីចំនួន៩២ទណ្ឌកម្មបន្ថែមទៀត ដាក់លើរុស្ស៊ីប្រឆាំងនឹងការធ្វើប្រជាមតិដដែលនោះផងទៀត។
ភាពធូរថយនៃ ការធ្វើឱ្យអស់សង្គ្រាម ហាក់ដូចជាគ្មានសង្ឈឹមឡើយ។ នាពេលនេះ ការឆ្លើយឆ្លងគ្នានូវពាក្យសម្តីរវាងប្រទេសនៃមហាអំណាចពិភពលោក បានបញ្ជាក់ ឱ្យដឹងទៅវិញទៅមករួចទៅហើយ។ រុស្ស៊ីបានបញ្ជាក់ថានោះជាជម្រើសនៃផ្លូវដើររបស់ ខ្លួនដែលមិនអាចបកក្រោយវិញឡើយ, ខណៈដែលសហរដ្ឋអាមេរិក បាននិយាយព្រមានថា បើរុស្ស៊ីហ៊ានតែប្រើអាវុធនុយក្លេអ៊ែរនោះមែន ផលវិបាកដែលនឹងប្រឈមគឺគ្រោះថ្នាក់គួរឱ្យ រន្ធត់។ ច្រកចេញយ៉ាងណានោះ នៅមិនទាន់បានដឹងនៅឡើយទេ។ គេនឹងរង់ចាំមើលក្នុង មួយសប្តាហ៍ទៅមុខទៀតនេះ ថាតើប្រទេសមហាអំណាចធំៗនឹងមានវិធានការយ៉ាងណា ដើម្បីអាចជួយបញ្ចៀសចេញបានពីមហន្តរាយនៃសង្គ្រាមនុយក្លេអ៊ែរនេះ៕