(ហាណូយ)៖ នៅថ្ងៃអង្គារនេះ វៀតណាមបានអំពាវនាវឱ្យប្រជាជនបន្ថែមទៀត ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ស្របពេលដែលព្យុះទីហ្វុង ណូរូ (Noru) កំពុងតែកើនឡើងកម្លាំង ហើយសំដៅមកប្រទេសអាស៉ីអាគ្នេយ៍មួយនេះ បន្ទាប់ពីវាបានសម្លាប់មនុស្ស យ៉ាងហោច៨នាក់ និងបង្កការជន់លិចពាសពេញ ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។
ទីភ្នាក់ងារឧតុនិយមវៀតណាម បានឱ្យដឹងថា នៅត្រឹមព្រឹកថ្ងៃអង្គារនេះ កម្លាំងខ្យល់របស់ព្យុះ Noru បានឈានដល់ល្បឿនចន្លោះខ្ទង់ ១៣៤-១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅវេលាយប់ថ្ងៃដដែល ល្បឿនខ្យល់អាចនឹងកើនដល់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ បើយោងតាមការព្យាករ ព្យុះ Noru នឹងបោកបក់មកដល់វៀតណាម នៅក្នុងថ្ងៃពុធសប្តាហ៍នេះ មុនពេលវាថយចុះឥទ្ធិពលទៅវិញ រួចបន្តឆ្ពោះទៅរកប្រទេសថៃ។
ចាប់ពីថ្ងៃអង្គារនេះ អាជ្ញាធរអាកាសចរណ៍វៀតណាម បានសម្រេចបិទអាកាសយានដ្ឋានចំនួន៩ នៅទូទាំងប្រទេស ជាហេតុនាំឱ្យ ជើងហោះហើរក្នុងស្រុកនិងក្រៅស្រុករាប់រយជើង ត្រូវបានលុបចោល។ កងទ័ពវៀតណាមប្រមាណ២៧០,០០០នាក់ ក៏ត្រូវបានដាក់ឱ្យនៅប្រុងជើងការ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះផងដែរ។ បើតាមទីភ្នាក់ងារឧតុនិយមវៀតណាម តំបន់ដែលនឹងរងការវាយប្រហារខ្លាំង គឺខេត្តនៅភាគកណ្តាលប្រទេស រួមមានក្វាងងៃ (Quang Ngai) ហើយនិងខេត្តក្វាងណាំ (Quang Nam) ជាទីដែលមនុស្សជាង ១៣៣,០០០នាក់ ត្រូវបានជម្លៀសខ្លួន។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ Noru បានវាយប្រហារលើហ្វីលីពីន ក្នុងទម្រង់ជាព្យុះទីហ្វុងកម្រិតទី៣។ បើតាមអាជ្ញាធរហ្វីលីពីន មនុស្សយ៉ាងហោច៨នាក់បានស្លាប់ ហើយ៧៤,០០០នាក់ បានស្ថិតនៅតាមកន្លែងជ្រកកោនសុវត្ថិភាព នាពេលនោះ៕