(អ៉ីស្តង់ប៊ុល)៖ អាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តួកគី បានរាយការណ៍ មន្រ្តីប៉ូលិស២នាក់បានរងរបួស ខណៈគ្រាប់បែកមួយគ្រាប់ បានផ្ទុះឡើងនៅជិតស្ថានីយ៏ប៉ូលិសមួយកន្លែង ក្នុងខេត្ត មឺស៉ីន (Mersin) ភាគខាងត្បូងប្រទេសតួកគី កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងមហាផ្ទៃតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារមួយបានកើតឡើង នៅវេលាពាក់កណ្តាលអាធ្រាតថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ហើយមន្រ្តីប៉ូលិស២រូបបានរងរបួស។ ដោយឡែកគ្រាប់បែកមួយផ្សេងទៀត នៅក្បែរស្ថានីយ៍ប៉ូលិសដដែល ត្រូវបានបំផ្ទុះចោលក្រោមការគ្រប់គ្រង របស់អាជ្ញាធរជំនាញ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។
រូបភាពវីដេអូមួយ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីការផ្ទុះមួយអមដោយសំឡេងកាំភ្លើង ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងគណនីបណ្តាញសង្គមដទៃទៀត បានលើកឡើងថា ការបំផ្ទុះនេះកើតឡើងនៅក្នុងស្រុក ធីស (Tece) នៃខេត្ត មឺស៉ីន៕