(ប៉េកាំង)៖ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ នៅទីស្នាក់ការទូទៅរបស់អង្គការសហប្រជាជាតិក្រុងញូវយ៉ក គណៈប្រតិភូចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ហើយក៏ធ្វើជាអធិបតីនិងមានវត្តមានក្នុងកិច្ចប្រជុំពហុភាគីជាច្រើនផងដែរ។ ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសចិនបានជួបសនន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសនិងអ្នកទទួលខុសត្រូវ នៃអង្គការអន្តរជាតិរាប់សិបរូបជាបន្តបន្ទាប់។ល។ កិច្ចខិតខំប្រឹងប្រែងការទូតមួយចំនួន ដែលមានគោលបំណងបង្កើនសាមគ្គីភាពនិងប្រមូលផ្តុំគំនិតឯកភាពរួម បានបំពេញបន្ថែមនូវភាពនឹងនរនិងភាពប្រាកដប្រជាដ៏មានតម្លៃដល់ ពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល។

បច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ហានិភ័យនៃភាពថមថយចុះនៃសេដ្ឋកិច្ចពិភពលោក មានភាពកាន់តែធ្ងន់ធ្ងរទៅៗ ក៏ដូចជាវិបត្តិអ៊ុយក្រែនឡើងកម្តៅជាបន្តបន្ទាប់ ព្រមទាំងបង្កឱ្យមានវិបត្តិផ្នែកថាមពល និងស្បៀងអាហារ ក្នុងបរិបទបែបនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ។

លោក Wang បានបង្ហាញទៅកាន់ពិភពលោកឱ្យឃើញម្តងទៀត នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយបានលើកឡើង នូវគំនិតផ្តួចផ្តើមរបស់ចិនចំនួន ៦ចំណុច ពោលគឺ «ត្រូវមានសន្តិភាព តែមិនត្រូវធ្វើសង្រ្គាម» «ត្រូវមានការអភិវឌ្ឍ តែកុំឱ្យមានភាពក្រីក្រ» «ត្រូវបើកទូលាយ តែមិនត្រូវបំបិទមុខ» «ត្រូវធ្វើកិច្ចសហប្រតិបត្តិការ តែមិនត្រូវធ្វើបដិបក្ខគ្នា» «ត្រូវរួមសាមគ្គីគ្នា តែមិនត្រូវបែកបាក់គ្នា» «ត្រូវមានយុត្តិធម៌ កុំធ្វើការគំរាមកំហែងបង្ខិតបង្ខំនិងអនុត្តរភាព»។ នេះបានបង្ហាញយ៉ាងច្បាស់លាស់ពីគោលជំហរជា គោលការណ៍របស់ប្រទេសចិន ក្នុងបញ្ហាអន្តរជាតិសំខាន់ៗមួយចំនួន និងបានឆ្លុះបញ្ចាំងពីសំឡេងរួម របស់ប្រទេសភាគច្រើនដាច់ខាតនៅលើពិភពលោក។

នាពេលបច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជា បញ្ហាប្រឈមដ៏ពិបាកដោះស្រាយបំផុត ដែលសន្តិភាពនិងសន្តិសុខសកលកំពុងប្រឈមមុខ។ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ហើយបានចូលរួមកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសស្តីពីបញ្ហាអ៊ុយក្រែន នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រទេសចិនបានលើកឡើងថា អធិបតេយ្យភាពនិងបូរណភាពទឹកដី នៃប្រទេសនានាសុទ្ធតែគួរទទួលបានការគាំទ្រ កម្មវិត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គួរទទួលបានការគោរព ក្តីព្រួយបារម្ភខាងសន្តិសុខរបស់ អង្គការសហប្រជាជាតិ និងបណ្តាភាគីនានាគួរទទួលបានការយកចិត្តទុកដាក់ ក៏ដូចជារាល់ការខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធីសុទ្ធតែគួរទទួលបានការគាំទ្រ ហើយបានអំពាវនាវឱ្យសាមីភាគីរៀបចំកិច្ចសន្ទនាឡើងវិញ ក្នុងពេលឆាប់ៗនិងមិនគួរអនុវត្តផ្តេសផ្តាស នូវការដាក់ទណ្ឌកម្មដោយឯកតោភាគីជាដើម។

ក្នុងការជំរុញអភិវឌ្ឍន៍សកល ប្រទេសចិនក៏បានចាត់វិធានការសំខាន់ផងដែរ។ ក្រោមអធិបតីភាពរបស់ភាគីចិន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពី «ក្រុមមិត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» បានបើកធ្វើដោយរលូន។ ប្រទេសចិនបានប្រកាសក្នុងកិច្ចប្រជុំនេះថា នឹងចាត់ប្រតិបតិ្តការសំខាន់ៗចំនួន ៧ ម្តងទៀតដើម្បីអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ប្រតិបត្តិការទាំងនេះពាក់ព័ន្ធដល់វិស័យដូចជា ការកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងអាហារ ការធ្វើឧស្សាហូបនីយកម្ម ថាមពលស្អាតនិងការអប់រំឌីជីថលជាដើម ដែលទទួលបានការវាយតម្លៃខ្ពស់ពីបណ្តាភាគីនានា។

នៅលើពិភពលោកដែលកំពុងស្ថិតក្នុងភាពរង្គោះរង្គើ និងបម្រែបម្រួល ប្រទេសចិនកំពុងនាំមកនូវភាពប្រាកដប្រជា ដ៏មានតម្លៃពន់ពេក។ មិត្តភក្តិរបស់ប្រទេសចិនក៏នឹងកាន់តែច្រើនឡើងៗ ដែលបានប្រមូលផ្តុំទៅជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន