(ប៉េកាំង)៖ ថ្ងៃទី២៦ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាន់ខ្ពស់ដើម្បីរំលឹក «ទិវាលុបបំបាត់អាវុធនុយក្លេអ៊ែរឱ្យជ្រះស្រឡះ»។ ពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ លោក Geng Shuang តំណាងរងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា ប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុត គួរតែរ៉ាប់រងទំនួលខុសត្រូវពិសេសនិងជាអាទិភាពយ៉ាងប្រាកដប្រជា ដើម្បីកាត់បន្ថយឃ្លាំងអាវុធរៀងៗខ្លួនថែមទៀតនិងមានភាពជាក់ស្តែង។
លោក Geng Shuang បានថ្លែងថា ក្នុងមួយរយៈពេលកន្លងមក ប្រទេសមួយចំនួនតូចបានទទូចបង្ក «ការប្រកួតប្រជែងខាងយុទ្ធសាស្ត្រនៃប្រទេសធំ» ពង្រឹងសម័្ពន្ធយោធាកាន់តែខ្លាំងឡើង ញុះញង់ឱ្យមានការបដិបក្ខគ្នាជាក្រុម ក៏ដូចជាទទូចធ្វើកិច្ចសហប្រតិបតិ្តការលើ វិស័យនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
ទង្វើទាំងនេះបណ្តាលឱ្យការប្រកួតប្រជែង ខាងសព្វាវុធនិងហានិភ័យនៃការរីកសាយភាពនុយក្លេអ៊ែរ មានភាពកាន់តែធ្ងន់ធ្ងរ ប្រការនេះបានរារាំងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិខាងការកាត់បន្ថយសព្វាវុធ គឺផ្ទុយនឹងគោលដៅលុបចោលអាវុធនុយក្លេអ៊ែរឱ្យជ្រះស្រឡះ និងបង្កើតពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ដូច្នេះត្រូវបញ្ឈប់ភ្លាម។
លោក Geng Shuang បានថ្លែងទៀតថា ប្រទេសចិននឹងបន្តអនុវត្តយ៉ាងសកម្មនូវពហុភាគីនិយមយ៉ាងពិតប្រាកដ រួមសហការជាមួយសហគមន៍អន្តរជាតិ ជំរុញដំណើរកាត់បន្ថយអាវុធនុយក្លេអ៊ែរ ធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីបង្កើតពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ និងសម្រេចបាននូវសន្តិសុខរួមរបស់មនុស្សលោកទាំងមូល៕
វិទ្យុមិត្តភាពកម្ពុជាចិន