(ប៉េកាំង)៖ ឆ្នាំនេះ ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន ហើយក៏ជាឆ្នាំទីមួយនៃការចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការនៃកិច្ចព្រមព្រៀង RCEP ផងដែរ។ កាលពីមុន ចិននិងបណ្តាប្រទេសនានារបស់អាស៊ាន បានធ្វើកិច្ចសហប្រតិបតិ្តការជាក់ស្តែងយ៉ាងទូលំទូលាយជាបន្តបណ្តាប់ ហើយទទួលបានសមិទ្ធផលជាផ្លែផ្កា ដែលគួរឱ្យកត់សម្គាល់លើវិស័យកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការប្រាស្រ័យទាក់ទងរវាងបុគ្គលិកជាដើម។

តាមស្ថិតិរបស់ភាគីចិនបានឱ្យដឹងថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ាន បានកើនពី១០៥៩០០លានដុល្លារអាមេរិក ឡើងដល់ ៨៧៨២០០លានដុល្លារអាមេរិក ប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេ របស់អាស៊ានក្នុងរយៈពេល១៣ឆ្នាំជាប់ៗគ្នា ហើយក្នុងនាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន តួនាទីរបស់អាស៊ានក៏ត្រូវបានពង្រឹងថែមមួយកម្រិតទៀតផងដែរ។
បើក្រឡេកទៅមើលពីស្ថានការណ៍ពិភពលោកនាឆ្នាំ២០២១ អាចឃើញថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានកើតមានជាបន្តបន្ទាប់ ផលប៉ះពាល់របស់ជំងឺឆ្លងបានរាតត្បាតឥតឈប់ឈរ បានជាខ្សែសង្វាក់ឧស្សាហកម្ម នៃប្រទេសនានាបានរងការវាយប្រហារយ៉ាងខ្លាំង ការងើបឡើងវិញរបស់សេដ្ឋកិច្ចសកលក៏ជួបការរាំងស្ទះផងដែរ។ ព្រមពេលជាមួយគ្នានេះ គំនិតស្តីពីយុទ្ធសាស្ត្រភូមិសាស្ត្រ និងសង្គ្រាមត្រជាក់កបាននិងកំពុងបំផ្លាញដល់និន្នាការទូទៅ នៃកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅលើពិភពលោក និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។

ក្នុងបរិបទបែបនេះ កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ RCEP បានចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២ ដែលបានគ្របដណ្តប់ចំនួនប្រជាជនប្រហែល២២៧០លាននាក់ GDP ក្នុងតំបន់ប្រហែលត្រូវជា៣៣ភាគរយនៃ GDP សរុបនៅលើពិភពលោក រីឯបរិមាណនាំចេញត្រូវជា៣០ភាគរយ នៃបរិមាណសរុបនៃទូទាំងពិភពលោក។
ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានគ្របដណ្តប់ចំនួនប្រជាជនច្រើនជាងគេ មានរចនាសម្ព័ន្ធរដ្ឋសមាជិកដ៏សម្បូរបែបជាងគេ មានទំហំសេដ្ឋកិច្ចនិងពាណិជ្ជកម្មធំជាងគេ និងមានសក្តានុពលខ្លាំងជាងគេ ការចូលជាធរមានរបស់កិច្ចព្រមព្រៀង RCEP បានបង្កើតកាលានុវត្តភាពថ្មីសម្រាប់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់ទទួលបាន ការអភិវឌ្ឍកាន់តែស៊ីជម្រៅ។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ពីខែមករា ដល់ខែកក្កដាឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ាន បានឡើងដល់ ៥៤៤៩០០លានដុល្លារអាមេរិក ដែលបានកើនជាង១៣,១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គិតមកទល់ចុងខែកក្កដាឆ្នាំនេះ ទំហំវិនិយោគទាំងសងខាងបានលើសពី ៣៤០០០០លានដុល្លារអាមេរិក។ តាមការប៉ាន់ប្រមាណរបស់ធនាគារគំនិតអន្តរជាតិឱ្យដឹងថា ដល់ឆ្នាំ២០៣០ កិច្ចព្រមព្រៀង RCEP មានសង្ឃឹមធ្វើឱ្យរដ្ឋសមាជិកបន្ថែម ប្រាក់ចំណូលលើវិស័យការនាំចេញចំនួន៥១៩០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងធ្វើឱ្យប្រជាជនបន្ថែមប្រាក់ចំណូល១៨៦០០០លានដុល្លារអាមេរិក។

ទាក់ទិននឹងរឿងនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការចាប់ផ្តើមអនុវត្ត កិច្ចព្រមព្រៀង RCEP ក្នុងឆ្នាំនេះ មិនត្រឹមតែនឹងនាំមកនូវកាលានុវត្តភាពខាងពាណិជ្ជកម្មនិងវិនិយោគកាន់តែច្រើន ដល់ប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតងនិងកិច្ចកសាងសមត្ថភាព នៃសហគ្រាសធុនតូចនិងមធ្យមទៀតផង ជាពិសេសនឹងក្លាយជា «ក្របខណ្ឌស្នូល» ក្នុងការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់៣.០ នាពេលខាងមុខ។ សម្តេច ហ៊ុនសែនបានថ្លែងថា ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានឆ្នាំ២០២២ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងផ្តោត ការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។

និយាយចំពោះកិច្ចសហប្រតិបតិ្តការនៅពេលអនាគត ប្រទេសចិនបានលើកឡើងនូវសំណើបួនចំណុច ពោលគឺបង្កើតគំរូក្នុងការអភិវឌ្ឍរួម បង្កើតគំរូនៃការតភ្ជាប់គ្នា បង្កើនកិច្ចសហប្រតិបត្តិការអភិបាលកិច្ចសកល និងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាបក្នុងតំពន់ ដែលបានផ្តោតសំខាន់លើការបង្កើនការតភ្ជាប់គ្នា ខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងភាគីទាំងពីរ ចាប់ដៃគ្នាជំរុញកិច្ចកសាងរួមនៃ «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ អនុវត្តកិច្ចព្រមព្រៀង RCEP ប្រកបដោយគុណភាពខ្ពស់ និងពន្លឿនការធ្វើកិច្ចចរចាបន្ទាប់បន្សំ ស្តីពីតំបន់ពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ានជាដើម។

បច្ចុប្បន្ននេះ កិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន មាននិន្នាការកំណើនយ៉ាងខ្លាំង។ លោក Michael Tene អគ្គលេខាធិការរងនៃសមាគមអាស៊ាន បានទទួលស្គាល់យ៉ាងពេញលេញ នូវសមិទ្ធផលជាផ្លែផ្ការបស់កិច្ចសហប្រតិបតិ្តការ រវាងចិននិងអាស៊ាន ព្រមទាំងពោរពេញទៅដោយក្តីសង្ឃឹម ចំពោះអនាគតនៃកិច្ចសហប្រតិបតិ្តការផងដែរ។ លោកបានថ្លែងថា ផលប្រយោជន៍រួមរបស់ចិន និងអាស៊ានមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។ កិច្ចព្រមព្រៀង RCEP នឹងជំរុញឱ្យតំបន់យើងកាន់តែមានវិបុលភាព ក្នុងនោះមិនត្រឹមតែបូករួមទាំងប្រទេសអាស៊ាននិងចិនប៉ុណ្ណោះទេ ថែមទាំងក៏បូករួមទាំងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP ទាំងអស់ផងដែរ។

ការអនុវត្តកិច្ចព្រមព្រៀង RCEP នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់កិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន ឈរនៅទីចាប់ផ្តើមថ្មី ផ្លូវនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាននឹងមានភាពកាន់តែទូលំទូលាយ ព្រមនឹងបំផុសសក្តានុពលអភិវឌ្ឍន៍កាន់តែខ្លាំង ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដ៏ពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន