(ប៉េកាំង)៖ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃ «ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ» ហៅកាត់ PBP។
ក្នុងកិច្ចប្រជុំលើកនេះ លោកបានអះអាងថា អាមេរិកនឹងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីអភិវឌ្ឍតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ព្រមនិងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុ និងបង្កើនកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើម។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា នេះជាការត្រៀមរៀបចំសម្រាប់ «កិច្ចប្រជុំកំពូលរវាងអាមេរិក និងប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក» លើកដំបូងដែលនឹងបើកធ្វើនៅក្រុងវ៉ាស៊ីនតោន នៅចុងខែកញ្ញាខាងមុខនេះ។
អ្វីដែលហៅថា «ដៃគូនៅមហាសមុទ្រប៉ាស៊ីហិ្វកពណ៌ខៀវ» បានបង្កើតឡើងនៅខែមិថុនា ឆ្នាំនេះ ប្រទេសស្ថាបនិកមាន៥ គឺអាមេរិក អង់គ្លេស អូស្តា្រលី ជប៉ុននិងនូវែលសេឡង់ ឥណ្ឌាជាប្រទេសអ្នកសង្កេតការណ៍។ ពិតមែនតែអង្គការមួយនេះ បានអះអាងថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសប្រជុំកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិកលើ វិស័យបម្រែបម្រួលអាកាសធាតុ សន្តិសុខលើសមុទ្រ និងសុខាភិបាលជាដើម ប៉ុន្តែគោលដៅពិតប្រាកដមិនតែប៉ុណ្ណឹងទេ។ ប្រព័ន្ធសារព័ត៌មានអាមេរិកបានលើកឡើងថា គោលដៅរបស់ PBP គឺទប់ស្កាត់កម្លាំងឥទ្ធិពលរបស់ចិន ដែលមានភាពកាន់តែខ្លាំងឡើងៗ នៅតំបន់ខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា មិនត្រឹមតែ PBP ប៉ុណ្ណោះទេ ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានធ្វើកិច្ចការទូតយ៉ាងមមាញឹក ជាមួយប្រទេសប្រជុំកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្នុងផែនទីភូមិសាស្ត្រនយោបាយរបស់អាមេរិក តំបន់ខាងត្បូងនៃមហាសមុទ្រប៉ាស៊ីហ្វិក មិនបានទទួលការយកចិត្តទុកដាក់ ក្នុងរយៈពេលយូរ ហេតុអ្វីបានជាបច្ចុប្បន្ននេះ បានក្លាយជាតំបន់ចំណុចក្តៅ?
មតិយោបល់របស់លោក Steve Chabot គឺកិច្ចព្រមព្រៀងស្តីពីសន្តិសុខទ្វេភាគីដែលចិននិងប្រជុំកោះ Solomon បានចុះហត្ថលេខានៅដើមឆ្នាំនេះ ធ្វើឱ្យអាមេរិកទទួលអារម្មណ៍ពី «ភាពជាបន្ទាន់» យ៉ាងខ្លាំង ដូច្នេះត្រូវចាត់វិធានការតបតវិញ ។ អាចឃើញថា អាមេរិកផ្តល់ផលប្រយោជន៍ដល់ ប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក គឺស្ថិតនៅមូលដ្ឋានធ្វើការប្រកួតប្រជែង ខាងយុទ្ធសាស្ត្រភូមិសាស្ត្រ រីឯគោលបំណងពិតប្រាកដ គឺធ្វើការបដិបក្ខគ្នា។
ក្រៅពីនេះ គិតរហូតដល់បច្ចុប្បន្ននេះ អាមេរិកក៏មិនបានសងបំណុលរបស់ប្រទេសប្រជុំកោះ មហាសមុទ្រប៉ាស៊ីហ្វិកក្នុងប្រវត្តិសាស្ត្រវិញនៅឡើយទេ។ បន្ទាប់ពីបញ្ចប់សង្រ្គាមលោកលើកទីពីរ អាមេរិកនិងអង់គ្លេសធ្លាប់សាងសង់ទីកន្លែងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅទីនេះ ដែលបាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពរបស់ប្រជាជនក្នុងតំបន់។
ប៉ុន្តែ អាមេរិកនិងអង់គ្លេសមិនដែលសុំទោសនិងសងថ្លៃជំងឺចិត្តពីឧក្រិដ្ឋកម្មរបស់ខ្លួននោះទេ ផ្ទុយទៅវិញ ដោយសារកាន់អាកប្បកិរិយាអាណានិគម និងចាត់ទុកប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក ជាក្របខ័ណ្ឌអំណាចនិងទីធ្លាខាងក្រោយរបស់ខ្លួន ដូច្នេះ អាមេរិកនិងអង់ក្លេសបែរជាមិនអនុញ្ញាតឱ្យ ប្រទេសទាំងនេះធ្វើការប្រាស្រ័យទាក់ទង ជាប្រក្រតីជាមួយប្រទេសផ្សេងទៀតដោយម្ចាស់ការទេ។ តើប្រទេសដែលបានអនុវត្តអនុត្តរភាព ក្នុងរយៈពេលយូរអាចទទួលបានការជឿទុកចិត្តពីអ្នកផ្សេងតាមរបៀបណា?
និយាយចំពោះប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិក ភារកិច្ចជាបន្ទាន់ គឺទប់ទល់នឹងការប្រឈមដែលបណ្តាលមកពី បម្រែបម្រួលអាកាសធាតុ និងការរីករាលដាលនៃជំងឺកូវីដ១៩។ បើសិនជាអាមេរិកពិតជាធ្វើតាមពាក្យសំដីរបស់ខ្លួនដែលថា ចង់ជួយប្រទេសប្រជុំកោះមហាសមុទ្រប៉ាស៊ីហ្វិកទទួលការអភិវឌ្ឍ នោះគួរតែអនុវត្តតាមពាក្យសន្យាយ៉ាងដាច់ខាត ធ្វើកិច្ចសហប្រតិបតិ្តការដែលមានសមភាព និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជាមួយប្រទេសប្រជុំកោះទាំងនេះ ព្រមនិងគោរពសិទ្ធិរបស់ប្រទេសប្រជុំកោះ ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រៅប្រទេសដោយម្ចាស់ការ តែមិនមែនគិតតែកលល្បិចផ្នែកភូមិសាស្ត្រនយោបាយ និងអមល័ក្ខខ័ណ្ឌនយោបាយគ្រប់បែបយ៉ាងនោះឡើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន