(កៀវ)៖ កងកម្លាំងអ៊ុយក្រែន និងរុស្ស៉ី បានបង្កើនការវាយប្រយុទ្ធគ្នា នៅក្នុងតំបន់ផ្សេងៗគ្នានៃទឹកដីអ៊ុយក្រែន នាថ្ងៃអង្គារនេះ ខណៈការបោះឆ្នោតប្រជាមតិដែល រៀបចំដោយរុស្ស៊ី ដើម្បីបញ្ចូលតំបន់ចំនួន ៤ជាឧបសម្ព័ន្ធរបស់ខ្លួនបានចូលមកថ្ងៃចុងក្រោយហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា តំបន់ដូណេត (Donetsk) ភាគខាងកើតនៅតែជាទឹកដីនៃប្រទេសរបស់លោក និងនៅតែជា ជាអាទិភាពជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ស្របពេលការប្រយុទ្ធគ្នាបានឡើងកម្ដៅនៅតាមទីក្រុងជាច្រើន ខណៈកងទ័ពរុស្ស៊ីកំពុងព្យាយាមរុលឆ្ពោះទៅភាគខាងត្បូង និងភាគខាងលិច។ ជាមួយគ្នានេះ ក៏មានការប៉ះទង្គិចគ្នាផងដែរនៅតំបន់ខាកៀវ (Kharkiv) ភាគឦសាន ដែលជាគោលដៅសំខាន់នៃការវាយលុករបស់អ៊ុយក្រែន ក្នុងខែនេះ។ ហើយកងកម្លាំងអ៊ុយក្រែនបានបន្តផ្តាច់ស្ពានចំនួន៤ និងផ្លូវឆ្លងកាត់ទន្លេផ្សេងទៀតដើម្បីរំខានដល់ខ្សែផ្គត់ផ្គង់ដល់កងកម្លាំងរុស្ស៊ីនៅភាគខាងត្បូង។
ទីក្រុងមូស្គូកំពុងដំណើរការរៀបចំដើម្បីដាក់បញ្ចូលតំបន់ខឺសុន (Kherson), លូហាន់ (Luhansk), ដូណេត (Donetsk) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតនៅឯភាគខាងកើត និងខាងត្បូង គឺប្រហែល១៥ ភាគរយនៃទឹកដីរបស់អ៊ុយក្រែន ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន។ ការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ ដោយសភារុស្ស៊ីអាចនឹងអនុម័តការបញ្ចូលឧបសម្ព័ន្ធនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានតំបន់ណាមួយនៅក្នុងចំណោមតំបន់ទាំង៤ខាងលើ របស់អ៊ុយក្រែនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូទាំងស្រុង នោះទេ ហើយការប្រយុទ្ធគ្នា កំពុងបន្តកើតឡើងនៅតាមតំបន់សមរភូមិជួរមុខ រីឯកងកម្លាំងអ៊ុយក្រែនត្រូវបានគេបានរាយការណ៍ថាកំពុងជឿនលឿនទៅមុខ បន្ថែមទៀត ចាប់តាំងពីពួកគេបានរុញច្រានកងទ័ពរុស្ស៊ីចេញពីតំបន់ខាកូវ (Kharkov) កាលពីដើមខែកញ្ញានេះ៕