(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចផ្តល់សញ្ជាតិរុស្សីឱ្យអតីតបុគ្គលិកទីភ្នាក់ងារចារកម្មអាមេរិក គឺលោក អេដវឺដ ស្នូដិន (Edward Snowden) ៩ឆ្នាំបន្ទាប់ពីលោកបាន បញ្ចេញឯកសារសម្ងាត់របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។

លោក ស្នូដិន អាយុ៣៩ឆ្នាំ បានភៀសខ្លួនចេញពីសហរដ្ឋអាមេរិក ហើយត្រូវបានគេផ្តល់សិទ្ធិជ្រកកោននៅក្នុងប្រទេសរុស្ស៊ី ក្រោយការទម្លាយឯកសារសម្ងាត់ក្នុង ឆ្នាំ២០១៣ ស្តីពីប្រតិបត្តិការលួចស្ដាប់នៅក្នុងស្រុក និងមេដឹកនាំពិភពលោកសំខាន់ៗ ដែលធ្វើឡើងដោយ NSA ជាកន្លែងដែលលោកធ្លាប់ធ្វើការ។ អស់រយៈពេល ជាច្រើនឆ្នាំមកនេះ អាជ្ញាធរអាមេរិក ទទូចឲ្យរុស្ស៉ីធ្វើបត្យាប័នលោក ស្នូដិន ត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ដើម្បីប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់។

ឈ្មោះរបស់ លោក ស្នូដិន ត្រូវបានបង្ហាញនៅក្នុងក្រឹត្យមួយរបស់លោក ពូទីន ដែលផ្តល់សញ្ជាតិដល់បុគ្គលមានដើមកំណើតបរទេសចំនួន ៧២នាក់ ដោយគ្មាន ការអត្ថាធិប្បាយណាមួយពីវិមានក្រឹមឡាំងនោះទេ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ លោក ពូទីន បាននិយាយថា ថ្វីត្បិតតែលោក ស្នូដិន បានបិទបាំងប្រវត្តិរបស់ខ្លួនក្នុងពេលរស់នៅប្រទេសរុស្ស៊ី ហើយបានធ្វើខុស ដោយទម្លាយអាថ៌កំបាំងរបស់អាមេរិកក៏ដោយ ប៉ុន្តែលោក ស្នូដិន មិនមែនជាជនក្បត់នោះទេ។ លោក ស្នូដិន ធ្លាប់បានបញ្ចេញសារមួយនៅលើបណ្តាញ Twitter កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយសរសេរថា លោកចង់ឲ្យគ្រួសាររបស់លោកបានរស់នៅជុំគ្នា និងសុំរក្សាឯកជនភាព។ បើតាមមេធាវីរបស់លោក ស្នូដិន, ភរិយារបស់លោក គឺលោកស្រី លីនស៉ី មីលស៍ (Lindsay Mills) សម្រាលបានកូនប្រុសម្នាក់នៅឆ្នាំ២០២០ ក៏នឹងដាក់ស្នើពាក្យសុំសញ្ជាតិរុស្ស៉ីផងដែរ៕