(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិឱ្យអតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេធ្វើឃាតកាលពីខែកក្កដា កន្លងទៅ ជាការផ្ដល់កិត្តិយស និងលាគ្នាជាលើកចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។
លោក អាបេ ស៊ីនហ្សូ មានអាយុ ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងម្នាក់មានអាយុ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា កំលុងពេលរូបលោកកំពុងចូលរួមក្នុងការធ្វើ យុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយនៅឯទីក្រុង ណារ៉ា ហើយភ្លាមៗនោះមុនខ្មាន់កាំភ្លើងក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិដែលចំណាយប្រាក់អស់ជិត ១២លានដុល្លារ បានបង្កភាពចម្រូងចម្រាស និងការមិនពេញចិត្តពីសំណាក់ក្រុមអ្នកជំទាស់នឹងការ រៀបចំពិធីបុណ្យសពនេះ។
យ៉ាងណាក៏ដោយ ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់លោក អាបេ នៅតែប្រារព្ធតាមការគ្រោងទុក នៅថ្ងៃអង្គារនេះ ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជាង ៤,៣០០នាក់ ក្នុងនោះរួមមានប្រមុខរដ្ឋាភិបាលចំនួន៤៨រូប ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ន៕