(តូក្យូ)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មានយោធា (DMZ) ដែលខណ្ឌចែក រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។
គម្រោងនៃដំណើរទស្សនកិច្ចខាងលើ ត្រូវបានប្រកាសនៅថ្ងៃអង្គារនេះ ដោយនាយករដ្ឋមន្ត្រកូរ៉េខាងត្បូង លោក ហាន់ ឌុក ស៊ូ (Han Duck-soo) កំលុងជំនួប ជាមួយលោកស្រី ហារីស ក្នុងទីក្រុងតូក្យូ និងក្រោយមកត្រូវបានទទួលស្គាល់ដោយមន្ត្រីអាមេរិកម្នាក់។ លោកស្រី ហារីស កំពុងដឹកនាំប្រតិភូប្រធានាធិបតីអាមេរិក ដើម្បីចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នៅថ្ងៃអង្គារនេះ។
មន្ត្រីអាមេរិកខាងលើដដែល បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលជិត ៧០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីមានបទឈប់បាញ់សង្រ្គាមកូរ៉េមក ដំណើរទស្សនកិច្ច នេះនឹងបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នៅក្នុងការប្រឈមមុខនឹងរាល់ការគំរាមកំហែងទាំងឡាយដែលបង្កឡើងដោយ កូរ៉េខាងជើង។
ក៏ប៉ុន្តែ គម្រោងដំណើរទស្សនកិច្ចរបស់លោកស្រី ហារីស ទៅកាន់តំបន់ DMZ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ហើយកូរ៉េខាងជើងកាលពីចុងសប្ដាហ៍ កន្លងទៅ ក៏បានធ្វើតេស្ដមីស៊ីលបាលិស្ទីគមួយផងដែរ មុនដំណើរទស្សនកិច្ចរបស់លោកស្រី៕