(សិង្ហបុរី)៖ អ្នកវិភាគម្នាក់បាននិយាយថា មិនមានសន្ធិសញ្ញាច្រើនទេដែលអាចគ្រប់គ្រង ឬដាក់កម្រិតលើប្រទេសរុស្ស៊ី ប្រសិនបើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន សម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។ឮ
លោក Sharon Ann Squassoni សាស្ត្រាចារ្យស្រាវជ្រាវ នៃកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ George Washington បានប្រាប់សារព័ត៌មាន CNA ថា «រឿងតែមួយគត់ដែលអាចរារាំង (រុស្ស៊ី) ពីការធ្វើបែបនោះ (ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ) គឺថាមានតែបទដ្ឋានហាមឃាត់មិនប្រើប្រាស់អាវុធនេះ ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីក្នុងសង្គ្រាមលោកលើកទីពីរមកម្លេះ»។
លោកបន្តថា «ប៉ុន្តែនៅចុងបញ្ចប់ មិនមានសន្ធិសញ្ញាច្រើនទេ ដែលពិតជាអាចគ្រប់គ្រង ឬកំណត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីបាន...នៅទីបំផុត វានឹងស្ថិតនៅក្នុងដៃរបស់ប្រធានាធិបតីពូទីន។ ហើយនោះជារឿងដ៏គួរឱ្យភ័យខ្លាច»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ពូទីន ដែលបានបញ្ជាឱ្យមានការចល័តផ្នែកខ្លះ នៃអ្នកបំរុងចំនួន ៣០០,០០០នាក់នោះ មិនបានលាក់កំបាំងពីការគំរាមកំហែងនុយក្លេអ៊ែររបស់លោកឡើយ ហើយបាននិយាយថា ប្រទេសរុស្ស៊ីនឹង «ប្រើគ្រប់មធ្យោបាយ» ដើម្បីការពារទឹកដីរបស់ខ្លួន៕