(សិង្ហបុរី)៖ មន្ត្រីរតនាគារសហរដ្ឋអាមេរិកបានច្រានចោលការដាក់ទណ្ឌកម្មបន្ទាប់បន្សំ ក្រោមយន្តការកំណត់តម្លៃលើការនាំចេញប្រេងរបស់រុស្ស៊ី ទោះបីជាមានការស្នើរដោយសមាជិកព្រឹទ្ធសភាអាមេរិក កាលពីសប្តាហ៍មុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណៈរដ្ឋកាលពីសប្តាហ៍មុន បានស្នើឱ្យរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រើប្រាស់ទណ្ឌកម្មបន្ទាប់បន្សំលើធនាគារអន្តរជាតិ ដើម្បីពង្រឹងការកំណត់តម្លៃប្រេង ដែលមានបំណងកាត់បន្ថយចំណូលប្រេងរបស់រុស្ស៊ី ក៏ដូចជាកាត់បន្ថយផលប៉ះពាល់លើទីផ្សារពិភពលោក និងតម្លៃផងដែរ។

លោកស្រី Catherine Wolfram ជំនួយការរងនៃលេខាធិការទទួលបន្ទុកផ្នែកសេដ្ឋកិច្ច អាកាសធាតុ និងថាមពលនៅក្រសួងរតនាគារអាមេរិក បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសន្និសីទ APPEC ២០២២ ថា «យើងគិតថា ការដាក់ទណ្ឌកម្មបន្ទាប់បន្សំគឺមិនចាំបាច់នោះទេ»

លោកស្រី Wolfram បាននិយាយថា អាជ្ញាធរនឹងចេញការណែនាំពេញលេញមួយ អំពីរបៀបអនុវត្តការកំណត់តម្លៃប្រេងរបស់រុស្ស៊ី មុនពេលការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើការនាំចេញប្រេងឆៅរបស់រុស្ស៊ីចូលជាធរមាននៅថ្ងៃទី០៥ ខែធ្នូ៕